ភ្នំពេញៈ គ្រាន់តែរដូវកាល World Cup ចូលមដល់ភ្លាម ករណីលួច និងប្លន់បានកើតឡើងជាច្រើនករណីនៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ នៃរដូវកាលចាក់បាល់នេះចូលដល់ភ្លាម។ ករណីលួច និងប្លន់នៅរាជធានីភ្នំពេញ រយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបាត់បង់ទ្រព្យសម្បត្តិ រថយន្ត និងម៉ូតូជាច្រើនគ្រឿងផងដែរ។
ជាក់ស្ដែង ជនសង្ស័យមួយក្រុម ជិះម៉ូតូ៥គ្រឿង មានគ្នាជាង១០នាក់ បានធ្វើសកម្មភាពវាយ និងដកកាំភ្លើងខ្លីភ្ជង់ប្លន់ទៅលើយុវជនប្រុសស្រី៣នាក់ ជិះម៉ូតូ២គ្រឿង យកបានម៉ូតូ ឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ មួយគឿង បានសម្រេច ហើយជិះគេខ្លួនដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចបន្តិចឡើយ។
អំពើប្លន់ប្រដាប់អាវុធនេះ បានកើតឡើងនាវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលំមួយកន្លែង ខាងក្រោយផ្សារកាណាសុធី ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ថេត ប៊ុនថៃ អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្រោយផ្សារកាណាសុធី មានស្រុកកំណើតនៅភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះរៀបរាប់ថា មុនពេលកើតហេតុ រូបគេមានគ្នា៣នាក់ ជិះម៉ូតូពីរគ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0203 ជិះដោយបុរសម្នាក់ និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមសង់ ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-5156 ជិះដោយជនរងគ្រោះ និងដឹកសង្សារចេញពីដើរលេងកោះពេជ្រ។
ប្រភពបន្តថា លុះពួកគេត្រឡប់មកផ្ទះវិញ នៅកាណាសុធី ដោយជិះម៉ូតូពីរគ្រឿងខាងលើ ទិសដៅកើតទៅលិច ខណៈជិះជិតដល់ផ្ទះហើយនោះ ស្រាប់តែមានជនសង្ស័យមួយក្រុមបានជិះមកពីក្រោយ ហើយជនសង្ស័យ២នាក់ ក្នុងចំណោមជាច្រើននាក់ បានជិះម៉ូតូមួយគ្រឿង មកកាក់ពីមុខ និងធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើគេ។ នៅពេលនោះ ខ្លួន(ជនរងគ្រោះ)បម្រុងស្រែកថា ចោរៗ ក៏ត្រូវបានជនសង្ស័យបានដកកាំភ្លើងអាមេបម្រុងបាញ់ធ្វើរូបគេភ័យបានរត់ចោលម៉ូតូយករួចខ្លួនសិន។ ចំណែកមិត្តភ័ក្តិរបស់គេម្នាក់ទៀត បានដកសោម៉ូតូទាន់ ហើយរត់ចោលបាត់។ ដោយឃើញឱកាសល្អ ក្រុមជនសង្ស័យទាំងនោះ បានលើម៉ូតូម៉ាក ប៊ីត បម្រុងជិះចេញ តែមិនមានសោ ក៏យកបានតែ ឌ្រីមសង់ ស៊េរី២០១៨ មួយគ្រឿង ជិះគេចខ្លួនបាត់ស្រមោល។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មាន Cam Post ថា ករណីប្លន់យប់មុិញមិនមានកាំភ្លើងទេ ។
លោកអធិការបញ្ជាក់ថា “ ខ្ញុំចង់បញ្ជាក់ថា មិនមានភ្ជង់...មិនមានកាំភ្លើងទេ គឺអានោះជិះម៉ូតូប្រហែល៤-៥នាក់ មកដល់កៀរហើយសម្លុតដេញវ៉ៃរត់ អត់មានកាំភ្លើងទេ “ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ២ តែប៉ុណ្ណោះ រួចហើយក៏ត្រឡប់ទៅផ្ទះវិញ ជាមួយមិត្តភ័ក្តដោយក្តីអស់សង្ឃឹមក្នុងការរកឃើញម៉ូតូរបស់ខ្លួន៕