ភ្នំពេញៈ ក្រសួងទេសចរណ៍ បានដាក់ផែនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឲ្យបាន១៩លាននាក់នៅឆ្នាំ២០២៥ខាងមុខ ដើម្បីបង្កើតការងារ និងបង្កើនចំណូលចូលសេដ្ឋកិច្ចជាតិ។
កាលពីថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ក្រសួងបានរៀបចំផែនការមានដូចជា ៖ ការពង្រឹងប្រព័ន្ធវាយតម្លៃ ចំណាត់ថ្នាក់សេវាស្នាក់នៅ ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត” ចលនាប្រឡង ប្រណាំង រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ” ចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ជាដើម។
ជាពិសេស ក្រសួងទេសចរណ៍ បានសហការជាមួយដៃគូឯកជនបង្កើតឲ្យមានពិព័រណ៍ក្នុងស្រុកដើម្បីបង្ហាញផលិតផលទេសចរណ៍ ដែលប្រជាសហគមន៍ផលិតបាន ជាមួយនិងការដាក់តាំងបង្ហាញរួបភាព រម្មណីយដ្ឋានទេសចរទូទាំងប្រទេសផងដែរ។
ក្រៅពីនេះ ក្រសួងទេសចរណ៍ និងវិស័យឯកជនកំពុងសិក្សារៀបចំដាក់ចេញគោលនយោបាយកម្មវិធី “កម្ពុជាមាតុភូមិខ្ញុំ” ក្រោមពាក្យស្លោក “ទាំងអស់គ្នាអាចធ្វើដំណើរកម្សាន្តបាន” និងបង្កើតកម្មវិធីប័ណ្ណដំណើរកំសាន្តដែលមានកញ្ជប់ទស្សនកិច្ចក្នុងស្រុក ដែលមានតំលៃសមរម្យ ដើម្បីលើកទឹកចិត្តដល់សិស្ស និស្សិត សាស្រ្តចារ្យ មន្ត្រីរាជការ កម្មករ និងកីឡាករ អាចធ្វើដំណើរកម្សាន្តឱ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១១លាននាក់បានធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស៕