header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿន ដោយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូបុរសម្នាក់ កំពុងបត់ឆ្លងផ្លូវ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ របួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ រីឯយុវជនទាំង៣នាក់ រងរបួសបែកមុខមាត់(មធ្យម)។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវមុនីរ៉េត(២១៧) កែងច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យស្លាប់នៅក្នុងមន្ទីរពេទ្យ មានឈ្មោះ មុំ ពុំសុផល អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយរូបគាត់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-1814។ ចំណែកភាគីម្ខាងទៀត មានគ្នា៣នាក់ បានរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលផងដែរ ដោយពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-4308។

ប្រជាពលរដ្ឋបានឲ្យខេមប៉ុស្តិ៍ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីលិចមកកើត ហើយបានបត់ឆ្វេងឆ្លងផ្លូវ ខណៈឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានយុវជន៣នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿនតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីកើតមកលិច ហើយក៏បុកម៉ូតូបុរសរងគ្រោះខាងលើចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះដួលបោកក្បាលនឹងថ្នល់ផុងលលាដ៏ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលរថយន្តសាមុយដឹកទៅដល់មន្ទីរពេទ្យ។ ចំណែកយុវជន៣នាក់ ដែលជិះម៉ូតូទៅបុកគេនោះ បានរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលផងដែរ។ ដោយឡែកម៉ូតូទាំងពីរគ្រឿង បានរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post