header ads

Sponsor

ពិសី

កណ្ដាលៈ ជនរងគ្រោះម្នាក់ បាន​ជិះម៉ូតូទៅមើលមង រួចទុកម៉ូតូនៅលើទំនប់ដោយចាក់សោ.កបិទសន្ទះសោ និងដកខ្សែប៊ូហ្ស៊ីយ៉ាងត្រឹមត្រូវ រួចដើរមកវិញស្រាប់តែឃើញចោរ២នាក់ កំពុងធ្វើសកម្មភាពកាច់កម៉ូតូរបស់ខ្លួន ក៏ស្រែកថា “ចោរៗ ជួយផង” ផ្អើលប្រជាពលរដ្ឋដាក់សំណាញ់ស្ទាក់ពីមុខ ទើបជនសង្ស័យបើកម៉ូតូត្រឡប់ថយមកក្រោយវិញ មកបុកជនរងគ្រោះ តែជនរងគ្រោះបានយកមែកសង្កែវាយទៅលើជនសង្ស័យ បណ្តាលឲ្យដួលម៉ូតូ រួចវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ។ ពេលនោះ ប្រជាពលរដ្ឋជាច្រើននាក់ បានមកព្រួតជួយជនរងគ្រោះវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យម្នាក់ ស្លាប់បាត់បង់ជីវិតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥៖០០នាទីល្ងាច ខណៈជនសង្ស័យម្នាក់ទៀត បានយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនចេញទៅបាត់ពីកន្លែងកើតហេតុតែម្ដង។

ហេតុការណ៍​នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា​ ឆ្នាំ២០១៨នេះ នៅចំណុចលើ​ទំនប់៩០ ភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សា ឆវ័ន្ត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង មុខរបរកម្មកររោងចក្រ។ ជនរងគ្រោះបានបាត់បង់ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្តាល 1W-497។

ចំណែកជនសង្ស័យ​មានគ្នា២នាក់ ទី១.ឈ្មោះ ហួយ លឿង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិដើមមៀន​ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ (ស្លាប់) មូលហេតុប្រជាពលរដ្ឋជួយស្ទាក់ចាប់បាន វាយបណ្ដាលរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសមត្ថកិច្ចចាត់វិធានការជួយសង្គ្រោះ ដោយស្លាប់លើរថយន្តសង្គ្រោះពេលដឹកនាំយកមកមន្ទីរពេទ្យជ័យជំនះ។ ជនសង្ស័យរូបនេះ មានប្រពន្ធឈ្មោះ ពុធ ទីម អាយុ២៣ឆ្នាំ មុខរបរកម្មករកាត់ដេរ។ រីឯជនសង្ស័យទី២ កំពុងរត់គេចខ្លួន ដោយបានយកម៉ូតូជនរងគ្រោះ ជិះចេញទៅជាមួយផងដែរ។

សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុវេលាម៉ោង៤៖២០នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូទៅមើលមងនៅកន្លែងកើតហេតុ ហើយជនរងគ្រោះទុកម៉ូតូនៅលើទំនប់លេខ៩០ ដោយចាក់សោ.កបិទសន្ទៈសោ និងដកខ្សែប៊ូហ្ស៊ីចេញ រួចជនរងគ្រោះចុះទៅមើលមង ដែលមានចម្ងាយប្រហែល១០០ម៉ែត្រ។ ពេលមើលមងរួច ដើរត្រឡប់មករកម៉ូតូវិញ ស្រាប់តែឃើញចោរ២នាក់ កំពុងធ្វើសកម្មភាពកាច់កម៉ូតូរបស់ខ្លួន ទើបស្រែកថា “ចោរៗ ជួយផង”។ ពេលនោះ មានប្រជាពលរដ្ឋបង់សំណាញ់ដាក់មងនៅខាងមុខ ស្ទាក់ពីមុខជនសង្ស័យ ក៏បើកម៉ូតូត្រឡប់ថយមកក្រោយវិញ មកដល់ទល់មុខជនរងគ្រោះ ជនសង្ស័យក៏បើកម៉ូតូបុកជនរងគ្រោះ តែជនរងគ្រោះបានយកមែកសង្កែវាយលើជនសង្ស័យ បណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យបានវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ ហើយប្រជាពលរដ្ឋជាច្រើននាក់ មកព្រួតជួយជនរងគ្រោះវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យម្នាក់ ស្លាប់បាត់បង់ជីវិតនៅពេលដឹកតាមរថយន្តសង្គ្រោះចេញពីកន្លែងកើតហតុ ហើយកម្លាំងប៉ុស្តិ៍រាយការណ៍មកផ្នែកជំនាញ ចុះមកជួយអន្តរាគមន៍ពិនិត្យ និងរាយការណ៍មកជំនាញខេត្ត។

ក្រោយពីអន្តរាគមន៍ចាត់ការនៅកន្លែងកើតហេតុ សមត្ថកិច្ចក៏បានចាប់ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-0132 ដែលជារបស់ជនសង្ស័យ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តតាមរកចាប់បក្ខពួក ដែលនៅសល់កំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post