មណ្ឌលគិរីៈ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន “វីរៈប៊ុនថាំ” បើកបរលឿនពេក រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ តែគ្មានមនុស្សរងរបួសធ្ងន់ឡើយ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥៖១០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជិតភ្នំថ្ម លើផ្លូវជាតិលេខ76A ស្ថិតនៅក្នុងទឹកដីឃុំអរ៤ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍របស់នគរបាលស្រុកកោះញែក បានឲ្យដឹងថា "ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរបស់រថយន្តក្រុង ក្រុមហ៊ុន វីរៈប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ 3D-8215 នោះ មិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ដល់ស្លាប់ទេ ហើយក៏មិនមានមនុស្ស រងរបួសដែរ ។
ពាក់ព័ន្ធនិងរថយន្តក្រុងរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់នេះដែរ ត្រូវបានមហាជនដាក់ការសង្ស័យថា "ពិតជាមានអាថ៌កំបាំងអ្វីមិនខាន!។ ម្យ៉ាងវិញទៀតគេ បាននិយាយថា "គ្រាន់តែដួលម៉ូតូបន្តិច ក៏មានរបួសដែរ! ចុះទម្រាំ រថយន្តក្រឡាប់ទាំងមូល បែរជាគ្មានអ្នករងរបួស ដូចជាមិនគួឲ្យជឿសោះ។
រឿងនេះ ត្រូវគេដាក់សំណួរថា "តើពិតដែរឬទេ ដល់ថ្នាក់រថយន្តក្រឡាប់ធ្លាក់ផ្លូវ គ្មានមនុស្សម្នាក់ រងរបួសបន្តិចសោះ ស្លាប់ក៏គ្មាន របួសធ្ងន់ស្រាលក៏គ្មានយ៉ាងនេះ ។ ខ្លះថា សង្ស័យក្រុមហ៊ុនព្យាយាមលាក់បាំងអ្នករងគ្រោះ៕