header ads

Sponsor

ពិសី

ភ្នំពេញៈ អគ្គលេខាធិការ​រដ្ឋសភា បានចេញ​លិខិតនៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨នេះ ជូន​លោក ​ខឹម ​វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពាក់ព័ន្ធ​នឹង​ការ​គូសសញ្ញា​គាំទ្រ​គណបក្ស​លើ​សន្លឹកឆ្នោត​ ដែលបញ្ជាក់ថា គឺរដ្ឋសភា​ពុំមាន​សមត្ថកិច្ច​ជ្រៀតជ្រែក ឬ​បង្គាប់បញ្ជា​កិច្ចការ​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលជា​ស្ថាប័ន​ឯករាជ្យ​បានឡើយ ​។

លិខិតរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បានលើកឡើងថា ចាប់តាំងពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ រដ្ឋសភា នីតិកាល​ទី​៥ បាន​បិទ​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៥ មានន័យថា រដ្ឋសភា បានបញ្ចប់​នីតិកាល​របស់ខ្លួន​ហើយ​។ បច្ចុប្បន្ននេះ តំណាងរាស្ត្រដែលជា​បេក្ខជន កំពុង​ចូលរួម​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ​។ ចំណែកឯ​រដ្ឋសភា បច្ចុប្បន្ននេះ មាន​សិទ្ធិ​ត្រឹមតែ​អនុវត្តន៍​ការងារ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ពុំ​អាច​ចាត់ចែង​ការងារ​ដ៏ទៃ​បានឡើយ ជាពិសេស ​ការងារ​ពាក់​ព័ន្ធ​នឹង​ស្ថាប័ន​ដ៏ទៃ ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជាដើម ​។​

អនុលោម​តាម​មាត្រា១៥០ថ្មី (ពីរ) នៃ​រដ្ឋធម្មនុញ្ញ កថាខណ្ឌ​ទី​២ ចែងថា “​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវអនុវត្ត​សមត្ថកិច្ច​របស់ខ្លួន ប្រកបដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍ ​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​” និង​មាត្រា១៣ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កថាខណ្ឌ​ទី​១ ចែងថា “​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវអនុវត្ត​តួនាទី​របស់ខ្លួន ដោយ​មិន​លម្អៀង ដោយ​ឈរលើ​គោលការណ៍​គោរព​ច្បាប់ ដោយ​មិន​ទទួល​ការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬ​ការបង្គាប់បញ្ជា​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ឡើយ​” ដូច្នេះ​ រដ្ឋសភា​ពុំមាន​សមត្ថកិច្ច​ជ្រៀតជ្រែក ឬ​បង្គាប់បញ្ជា​កិច្ចការ​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលជា​ស្ថាប័ន​ឯករាជ្យ​បានឡើយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post