header ads

Sponsor

ពិសី

ភ្នំពេញៈ រថយន្តម៉ាកហ៊ីណូ ១គ្រឿង ប្រភេទកុងតឺទ័រសណ្តោងរ៉ឺម៉ក ដឹកស៊ីម៉ង់ត៍យ៉ាងពេញទ្រុងទម្ងន់២៨តោន បើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចូលទៅក្នុងប្រឡាយ ចាក់ស៊ីម៉ង់ត៍ក្នុងទឹក សង្ស័យអ្នកបើកបរងោកមួយភាំង បែរជាម្ចាស់កុហកថា មានរថយន្តផ្សេងបើកមកកៀរ កាលពីវេលាម៉ោង៤៖៤០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបហេតុការណ៍ខាងលើ ម៉ាកហ៊ីណូ ប្រភេទកុងតឺទ័រសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN-0151 រ៉ឺម៉កក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-1952 ដឹកស៊ីម៉ង់ត៍ ចំនួន១៤យ៉ោង ស្មើនឹង២៨តោន បើកបរដោយយុវជនម្នាក់ មិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែងកើតហេតុ ដូចជាលាក់កំបាំង និយាយផ្សេងគ្នា តាមបុរសថៅកែរថយន្ត បានឲ្យដឹងថា ស៊ីម៉ង់ត៍ដឹកចំនួន២៨តោន ដឹកមកពីក្រុងព្រះសីហនុ យកទៅដាក់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍នៅខណ្ឌព្រែកព្នៅ ហើយមុនកើតហេតុ រថយន្តបើកតាមផ្លូវទំនប់កប់ស្រូវ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តកុងតឺទ័រមួយគ្រឿងផ្សេងទៀត បើកកៀរពីខាងស្តាំ ទើបរថយន្តគាត់ក្រឡាប់ទៅស្តាំចូលទឹកប្រឡាយ ក៏មានអ្នកដេញតាមឃាត់រថយន្តមួយគ្រឿងនោះដែរ តែតាមមិនទាន់ ។ តែការអះអាងរបស់ភាគីខាងរថយន្ត វាមិនសមហេតុផលឡើយ គ្មានពលរដ្ឋណាជឿឡើយ ជាភាសារឆ្លើយដោះសារទៅវិញ ។

តែបើអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តខាងលើ ពេលបើកតាមបណ្តោយផ្លូវពីត្បូងទៅជើងល្បឿនលឿន ស្របពេលដែលមានរថយន្តធន់ធំមួយគ្រឿងទៀត បើកវ៉ាពីខាងឆ្វេង មិនមានប៉ះកៀរដូចថានោះទេ បែរជារថយន្តដឹកស៊ីម៉ង់ត៍ ភ្ញាក់បួងចង្កូតទៅស្ដាំជ្រុលធ្លាក់ផ្លូវបេតុងផុងដីចិញ្ចើមទៅមុខជាង៥០ម៉ែត្រ ហើយក្រឡាប់ចូលទឹកតែម្តង ។

ទោះជាការលើកឡើងផ្សេងៗគ្នាយ៉ាងណាក្តី ទាំងអ្នកបើកបរ ទាំងថៅកែរថយន្ត ឆ្លើយហាក់បីដូចជាដោះសារ ដើម្បីជៀសវាងប្រឈមមុខជាមួយក្រុមហ៊ុនស៊ីម៉ង់ត៍ធ្ងន់ធ្ងរពេក ក្នុងការងារដឹកជញ្ជូន មានការធ្វេសប្រហែស និយាយប្រាប់សមត្ថកិច្ច ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន គ្មានអ្នកណាជឿឡើយ មិនដែលមានរថយន្ត ដឹកស៊ីម៉ង់ត៍ចំនួន១៤យ៉ោង ស្មើ២៨តោន រថយន្តផ្សេងបើកកៀរស្ដាំ ក្រឡាប់ខាងស្តាំ មិនដែលមាន ។

តាមការសន្និដ្ឋាន និងពិនិត្យជាក់ស្តែង រថយន្តគ្មានស្លាកស្នាមប៉ះកៀរឡើយ មានតែអ្នកបើកបរ បើកងោក លុះដល់មានរថយន្តផ្សេងបើកមកវ៉ាទើបអ្នកបើកបរភ្ញាក់ ហើយបួងចង្កូតជ្រុលទើបធ្លាក់ផ្លូវ ជាង៥០ម៉ែត្រ ហើយក្រឡាប់តែម្តង ។

ដោយសាររថយន្តខាងលើ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទោះជាក្រឡាប់យ៉ាងណាក៏ដោយ តែខ្លួនឯង សមត្ថកិច្ចឲ្យម្ចាស់ថៅកែរថយន្ត ហៅរថយន្តស្ទូចមកលើករថយន្តចេញយកទៅជួសជុលដោយខ្លួនឯង ចំណែកស៊ីម៉ង់ត៍ជាង២០តោន ត្រូវបានខូចត្រាំងក្នុងទឹកប្រឡាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post