
កំពតៈ ជនសង្ស័យម្នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេស តែមិនបានសម្រេច បណ្ដាលឲ្យដួលម៉ូតូ រួចរត់គេចខ្លួនបានមួយយប់ ព្រឹកឡើងត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ។
ហេតុការណ៍ឆក់នេះ កើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ កក្កដា ២០១៨ នៅចំណុចមុខហាង ខាន់ថែនឈីមផ្សារក្រណាត់ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត លុះព្រឹកឡើងវេលាម៉ោង៨ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។

ស្នងការរងនគរបាលក្រុងកំពតលោក សៅ សំអឿន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាំង ម៉ាត់ណូត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាកម្មករ ធ្វើផ្ទះ មានទីលំនៅ ភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ជាមុខសញ្ញា ចេញពីពន្ធនាគារ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់ចោលម៉ូតូ ម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ គ្មានស្លាកលេខ ដែលជនសង្ស័យខ្ចីពីឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិសុវណ្ណសាគរ។ ចំណែកជនបរទេសរងគ្រោះ ភេទប្រុស មិនត្រូវបានស្គាល់ឈ្មោះ៕

