header ads

Sponsor

ពិសី

ភ្នំពេញៈ សកម្មភាព​ចោរឆក់កាបូបប្រជាពលរដ្ឋធ្វើដំណើរតាមដង​ផ្លូវ ៣ករណីផ្ទួនៗ ក្នុងភូមិសាស្រ្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចម្សិ​លមិញ ដោយក្នុងនោះបានសម្រេច២ករណី ស្វាគមន៍លោកមេប៉ុស្តិ៍ ដែលទើបចូលកាន់តំណែង​ថ្មី។

ជាក់ស្ដែងករណីទី១ នៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមផ្លូវ១៩៨៦ មុខផ្សារស៊ុបពើស្ត័រ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះ ឈ្មោះ អូន សុធា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចខាងលើ ស្រាប់តែមាន​ជនសង្ស័យជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់យកកាបូប ដាក់នៅប្រឡោះជើង បានសម្រេច ក្នុងកាបូប មានលុយ៤០ម៉ឺនរៀល ទូរស័ព្ទដៃ អាយផេត កាតការងារ និងឯកសារមួយចំនួនទៀត។ 

ករណីទី២ នៅវេលាម៉ោង៣និង៣០នាទី ក្រោយពីករណីទី១ ត្រឹមតែ១០នាទីតែប៉ុណ្ណោះ នៅតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ជនរងគ្រោះឈ្មោះ មុំ សុគន្ធធា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ខណៈដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាក ហ្វីណូ ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ មកឆក់យកកាបូបបានសម្រេច ហើយគេចខ្លួនបាត់។ នៅក្នុងកាបូប លុយ៨០០ដុល្លារ ទូរស័ព្ទ២គ្រឿង អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២ករណីខាងលើនេះ  បានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បី​ឲ្យជួយស្រាវជ្រាវ។

ករណីទី៣ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចស្តុបរង្វង់មូលកាំកូស៊ី​ធី ប្រមាណ៥០០ម៉ែត្រ តាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ត្រីម្នាក់ បានរួមដំណើរជាមួយ​បុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក តាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រឹទ្ធី ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CR-8523 មកពីក្រោយ ធ្វើសកម្មភាព​​ឆក់កាបូបស្ពាយបានសម្រេច ហើយបានព្យាយាមជិះរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តជុំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រគល់ឲ្យសមត្ថកិច្ច រីឯបក្ខពួកម្នាក់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ យកកាបូបបានហើយ ឡើងជិះម៉ូតូទៅបាត់។

សកម្មភាពឆក់ទាំង៣ករណីនេះ ត្រូវបានប្រជាពលរដ្ឋរឹះគន់ទៅ​លើ​មេប៉ុស្តិ៍ភ្នំពេញថ្មី ដែល​ទើបមកកាន់តំណែងថ្មីថា សង្ស័យរវល់ដេកមើលទូរទស្សន៍នៅផ្ទះ​ហើយទេដឹង ទើបបាន​ជនសង្ស័យមាន​ឱកាសដើរឆក់កាបូប បានយ៉ាងងាយស្រួលបែបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post