ភ្នំពេញៈ អ្នកននាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានកំពុងដើរខុសផ្លូវនយោបាយហើយ ជាងនេះការធ្វើនយោបាយ គ្រាន់តែចង់សងសិកតែប៉ុណ្ណោះ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់ គណបក្សសង្ក្រោះជាតិ បានបង្ហាញគំនិតខ្វែងគ្នាចំពោះលោក សម រង្ស៊ី ក្នុងការធ្វើនយោបាយ ដោយមិនមានទិសដៅច្បាស់លាស់ ហើយចង់តែបានបក្ខពួកខ្លួនបានធំប៉ុណ្ណោះ។
លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះថា បើចង់ធ្វើនយោបាយ អ្នកនយោបាយត្រូវសម្រួចឆន្ទៈ និងឧត្តមគតិស្នហាជាតិ និងស្រឡាញ់ប្រជាជនជាមុនសិន។ បើមានឧត្តមគតិដ៏ឧត្តុង្គឧត្តមនេះ ទើបមានគោលនយោបា យត្រឹមត្រូវបាន។
លោកគូសបញ្ជាក់ថា បើអ្នកនយោបាយមានគំនិតផ្ទុយពីនេះ មិនអាចមានគោលនយោបាយត្រឹមត្រូវឡើយ តួយ៉ាងដូចទណ្ឌិត សម រង្ស៊ី ដែលមកចូលធ្វើនយោបាយ ទាំងក្នុងចិត្តចងកំហឹង និងសងសិកនោះ រកគោលនយោបាយល្អមិនឃើញទេ ឃើញតែបំផ្លាញសេចក្តីសុខរ បស់ប្រទេសជាតិ និងប្រជាជនគ្រប់ពេលវេលា ដែលត្រូវទទួលរងនូវផលវិបាកនៃនយោបាយមិនត្រឹមត្រូវរបស់ខ្លួន។
លោកបន្តថា លទ្ធផលខាងបំផ្លាញជាតិ និងធ្វើឲ្យរាំងស្ទះដល់ការរីកចម្រើនរបស់ជាតិ។ ធ្វើទុក្ខបុកម្នេញដល់សង្គមកម្ពុជា ចង់ឲ្យអន្តរាយ ដើម្បីឆ្លៀតឱកាសដាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានលើកឡើងថា លោក សម រង្ស៊ី បានអនុវត្តនយោបាយ និងវប្បធម៌លាបពណ៌ ដើម្បីបំផ្លាញដៃគូប្រកួតនយោបាយបំភាន់មតិមហាជន។ ព្យាយាមបំផ្លាញវប្បធម៌សន្ទនា រហូតបានសម្រេច ទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំថែរក្សាក៏ដោយ ។ ដល់អស់ផ្លូវដើរ បែរទៅជាលក់ក្បាលឲ្យបរទេស អនុវត្តផែនការបរទេសចង់បំផ្លាញ សមទ្ធិផលសង្គមជាតិ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលធ្វើឲ្យធ្លាក់ទៅក្នុងអំពើក្បត់ជាតិក្បត់ ប្រជាជន ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបន្ថែមថា ទោះរត់ភៀសខ្លួនទៅក្រៅប្រទេសហើយក្តីក៏នៅបន្តសកម្មភាពយកប្រទេសជាតិ និងប្រជាជនធ្វើខ្មាំងសត្រូវដដែល ដែលធ្វើឲ្យកាន់តែឯកោពីអារម្មណ៍របស់ប្រជាជន ។ ដោយសារនយោបាយក្បត់ជាតិ ក្បត់ប្រជាជននេះហើយ បានជះឥទ្ធពលដល់ក្រុមជនមួយចំនួន ដែលស្មោះស្ម័គ្រតាមយ៉ាងងងឹតងងល់នោះ វេទនាដល់សព្វថ្ងៃ និងតទៅអនាគតទៀត បាត់បង់សុភមង្គលក្រុមគ្រួសារ ហើយរងទុក្ខវេទនានៅតែលតោលឯនាយសមុទ្រ គ្មានកោះ ត្រើយ។
លោកបានបញ្ជាក់ថា «នេះគឺជាលទ្ធផលនៃនយោបាយមិនត្រឹមត្រូវរបស់អ្នកនយោបាយលក់ក្បាលឲ្យបរទេស ដើម្បីតែការចងគំនុំ និងសងសិក ជូនដូនតា ដោយមិនពិចារណា»។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីហ្វេសប៊ុកមានឈ្មោះថា«ទីប្រឹក្សានគរ» បានទំលាយរឿងសំងាត់របស់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិតាមឆាតដោយខ្វែងគំនិតគ្នា។
ទីប្រឹក្សានគរ បានអះអាងខ្លួនក៏ជាសមាជិកក្នុងចំណោមសមាជិក១១៨នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ៥ឆ្នាំផងដែរ។ ហ្វេសប៊ុកបញ្ជាក់ថា «ខ្ញុំជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងចំណោមអ្នកនយោបាយរបស់គណបក្សសង្រ្គោះជាតិ ទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់, ហើយក៏កំពុងស្ថិតនៅក្នុង Group Messenger (118 Senior Leader of CNRP) ដោយឈឺចាប់យ៉ាងខ្លាំងនូវទង្វើវាយប្រហារគ្នា វាយប្រហារទាំងមេដឹកនាំ CNRP និងឈ្លោះប្រកែកគ្នាដូចឆ្កែ ដូចឆ្មារមិនឈប់មិនឈរ»។
ប្រភពបន្តថា ដើម្បីបន្ថយការឈឺចាប់ជាទម្ងន់របស់ខ្ញុំ ថ្ងៃនេះខ្ញុំទម្លាយនូវពាក្យពេជន៍សារឆ្លងឆ្លើយគ្នារវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលធ្វើការមិនស្របគ្នា ឈ្លោះគ្នា ខាំគ្នា ជាពិសេស វាយប្រហារមេដឹកនាំបក្សទៀតផង។ សារនេះសូមផ្ញើជូនអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ ដើម្បីបានដឹងរឿងពិតប្រាកដ ដែលកំពុងកើតឡើងយ៉ាងចម្រូងចម្រាស់នៅពេលនេះ៕