កំពង់ចាមៈ ដោយអនុវត្តន៍តាមការចង្អុលបង្ហាញរបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏ដូចជាលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កងតាណឹង និងស្តៅ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ តាមដងទន្លេមេគង្គ ស្ថិតនៅចំណុចភូមិខ្ពបលើ ខ្ពបក្រោម ភូមិល្វាលើ ល្វាក្រោម និងភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបង្ក្រាបបានឧបករណ៍បទល្មើសនេសាទ ប្រភេទដាយចំនួន៤មាត់ និងសម្ភារៈមួយចំនួនទៀត។
ដោយអនុវត្តតាមបទបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងមានការចូលរួមពីមន្ត្រីជំនាញជលផល លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានធ្វើពិធីដុតបំផ្លាញចោលនូវឧបករណ៍បទល្មើសខាងលើនៅនឹងកន្លែងតែម្តង៕