header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រទេសជាតិមាន​សុខសន្តិភាព គឺធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ធ្វើឲ្យ​យើងមានការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ អភិវឌ្ឍសង្គមជាតិទាំងមូល និងធ្វើឱ្យយើងមានឱកាសគ្រប់បែបយ៉ាង។ គ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។ យើងបានខិតខំស្វែងរកសុខសន្តិភាពតាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ទម្រាំយើងបានប៉ុណ្ណេះ យើងបានឆ្លងកាត់ការលំបាកច្រើនណាស់។ សម្ដេចតេជោ ហ៊ុន សែន យកពេល២០ឆ្នាំរំដោះជាតិចេញពីសង្គ្រាមក្នុងរយៈពេល៥០០ឆ្នាំ។ នេះមិនជារឿងធម្មតាឡើយ។ តែអ្វីដែលលំបាកជាងនេះ គឺទប់ស្កាត់មិនឲ្យសង្គ្រាមកើតឡើងវិញ ហើយយើងក៏មិនចង់ឲ្យក្មេងជំនាន់ក្រោយលំបាកដូចជំនាន់មុននោះដែរ។

ទាំងនេះ គឺ​ជា​ប្រសាសន៍លើក​ឡើង​របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុង​ពិធីសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន​ នាយទាហានរង​ និងពលទាហានក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពី​ថ្ងៃព្រហស្បតិ៍ ទី៥​ កក្កដា​ ២០១៨ កន្លងទៅ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បាន​ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោកដែលបានបំពេញភារកិច្ច និងចូលបម្រើនៅក្នុងបុព្វហេតុជាតិមាតុភូមិ ជាយូរណាស់មកហើយ និងឆ្លងកាត់ការប្រយុទ្ធជាច្រើន និងបានឆ្លងកាត់ការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបុព្វហេតុក្នុងការបញ្ចប់សង្គ្រាម ថែរក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើនដែលយើងមានសព្វថ្ងៃនេះ។

លោក បន្តលើកឡើងថា កងទ័ពបានបំពេញភារកិច្ចច្រើនណាស់ជូនជាតិមាតុភូមិ។ ភារកិច្ចរបស់កងទ័ពមិនត្រឹមតែការពារប្រទេសជាតិនោះទេ ថែមទាំងថែរក្សាសុខសន្តិភាព និងបម្រើប្រជាជន។ ដរាបណាយើងនៅមានប្រទេស កងទ័ពនៅតែមានភារកិច្ចការពារជាតិពីមួយជំនាន់ទៅមួយជំនាន់ដើម្បីបំពេញភារកិច្ច ផ្ទេភារកិច្ច និងកសាងសមត្ថភាពសម្រាប់កងទ័ពជំនាន់ក្រោយសម្រាប់រយៈពេល១០ឆ្នាំ ២០ឆ្នាំ ៥០ឆ្នាំ ១០០ឆ្នាំទៅមុខទៀត។ ដូច្នេះ ភារកិច្ចរបស់កងទ័ពនៅតែសំខាន់ហើយរឹតតែសំខាន់តទៅមុខទៀត។

លោកគូសបញ្ជាក់ថា ភារកិច្ចរបស់កងទ័ពគឺសំខាន់ណាស់នៅក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនិងដើម្បីជាតិមាតុភូមិ។ សមិទ្ធផល យើងមានមកដល់សព្វថ្ងៃនេះ គឺមិនត្រឹមតែមានគោលនយោបាយល្អនោះទេគឺដោយសារមានការអនុវត្តរបស់នាយទាហាននាយទាហានរងនិងពលទាហានទាំងអស់ ដែលសព្វថ្ងៃនេះបានធ្វើឲ្យយុវជនមហាជនបានឃើញសកម្មភាពរបស់កងទ័ពនិងកាន់តែយល់អំពីតម្លៃនិងយល់ច្បាស់អំពីភារកិច្ចរបស់កងទ័ព។ យើងរួមគ្នាពង្រឹងការងារ ដាក់ផែនការ អនុវត្តការងារ វាយតម្លៃនឹងចាត់វិធានការដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ យើងត្រូវបន្តនិរន្តរភាពការងារនិងបណ្តុះបណ្តាលធនធានមនុស្សដើម្បីពង្រឹងប្រសិទ្ធភាពការងារសម្រាប់រយៈពេលមធ្យមនិងរយៈពេលវែង។ យើងជឿជាក់ថាប្រទេសរបស់យើងនឹងមិនមានសង្គ្រាមទេ ប៉ុន្តែភារកិច្ចរបស់កងទ័ពត្រូវហ្វឹកហ្វឺន និងមានគំនិតច្នៃប្រឌិតដែលជាទ្រព្យរបស់នាយទាហានជំនាន់ក្រោយសម្រាប់ជាមេរៀននិងថែរក្សាសុខសន្តិភាព។ ទិសដៅទៅមុខ គឺអភិវឌ្ឍធនធានមនុស្ស យើងខិតខំរក្សាអ្វីដែលខ្លាំង និងបំពេញបន្ថែមអ្វីដែលខ្វះខាត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post