header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ អ្នកដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយៈគោយន្តកន្រ្តៃ និងរថយន្តនានាបានរាយការណ៍ថា លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង កំពុងដើរតួនាទីជាសមត្ថកិច្ច(បរិស្ថាន)ប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើកំណាត់ផ្លូវជាំកន្ទួត កៀបយកលុយដោយមិនខ្មាសអៀន និងរអាច្បាប់ទម្លាប់​ទាល់សោះ ឲ្យតែមិនតេទូរស័ព្ទប្រាប់គាត់មុន។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥ កក្កដា ២០១៨កន្លងទៅ មានគោយន្តកន្រ្តៃជាច្រើនគ្រឿងដឹកឈើអារប្រហែល២ម៉ែត្រគូប និងរថយន្តដឹកឈើ១គ្រឿងនៅចំណុចផ្លូវតេ ត្រូវបានលោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង ប្រដេញយកលុយពីក្រុមគោយន្ត ៣០,០០០០រៀល ក្នុង១គោយន្ត ដោយឡែកឡានដឹកឈើមួយគហរឿងដែលចេញពីជាំមកដល់ចំណុចតេ ស្រុកឱរ៉ាល់ ត្រូវបានលោកទាំង២កាក់ជាប់ ដោយតម្រូវឲ្យ​បង់លុយចំនួន៥០០ដុល្លារ បើមិនបង់ទេ នឹងត្រូវចាប់អូសឡានយកទៅទុកនៅស្នាក់ការបរិស្ថានជាក់ជាមិនខានឡើយ។

ប្រភពខាងលើ បានរាយការណ៍បន្តថា លោក ហ៊ុល ម៉ារា ត្រូវបានគេស្គាល់ច្បាស់ជាអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំណែកលោក ឈុន ឈាហេង ជាប្រធានកម្រងលោកទាំង២នាក់ ត្រូវអ្នកដឹកជញ្ជូនឈើស្គាល់គាត់ច្បាស់ដែរ ហើយហៅគាត់ (មេៗ) ដូច្នេះនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ គាត់ធំជាងលោក ខន សុខុន ដែលជានាយកដែនទៅទៀត។

បើចំពោះលោក ឈុន ឈាហេង វិញពីមុនជាអតីតនាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ក្រោយមកមានរឿងអាស្រូវពុករលួយ ក៏ត្រូវដកទៅនៅក្រសួង ស្រាប់តែឥឡូវគាត់បានបង្ហាញខ្លួនយ៉ាងច្បាស់ក្រឡែត ថា គាត់ជា(ប្រធានកម្រង) កាន់តែធំជាងមុនទៅទៀត ចឹងតើ បានជា​គាត់សកម្មខាងប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើយកលុយទាំងយប់ទាំងថ្ងៃ ជាមួយលោក ហ៊ុល ម៉ារា ដោយគ្មានការខ្មាសអៀន ឬខ្លាចរអាច្បាប់ទម្លាប់​សូម្បីតែបន្តិច។

ប្រភពបន្តទៀតថា លោក ឈុន ឈាហេង និងលោក ហ៊ុល ម៉ារា គេសង្កេតឃើញគាត់ធ្វើ​សកម្មភាពខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ភូមិជាំផ្លូវបំបែកតេ ឃុំតាសាល ,ត្រពាំងជោរ, អូរត្រាវ និងតំបន់នានក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពដដែល បាន​បន្តទៀតថា លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង ប្រដេញយកលុយពីគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើ ជារៀងរាល់យប់ គឺពួកគាត់សកម្មខាងប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើនេះ មិនមែនដេញដើម្បីបង្រ្កាបនោះទេ គឺប្រដេញយកលុយមិនឲ្យរួចខ្លួនជាដាច់ខាតសូម្បីតែចំនួន៥,០០០រៀល ក៏យកដែរ ឲ្យតែដឹកជញ្ជូនផលអនុផលព្រៃឈើ មិនថាឈើបង្គោលរបង ឬឈើអារនោះឡើយ និយាយរួមឲ្យតែមិនតេទូរស័ព្ទប្រាប់គាត់មុន ថែមទាំងបង្ហើប​ពាក្យថា ចាប់ពីពេលនេះទៅគាត់ត្រូវយកលុយច្រើនជាងមុនបន្តិច ព្រោះមេរបស់គាត់ឡើងថ្លៃដែរ គ្មាននរណាម្នាក់រកស៊ីខាតនោះទេ។ ជាងនេះទៅទៀតនៅពេលស្ទាក់ឃាត់គោយន្ត និងរថយន្តដឹកឈើ គឺគាត់តែងតែយកឈ្មោះថ្នាក់ដឹកនាំមកប្រើជានិច្ចដោយនិយាយថា មេៗធ្វើប៉េឲ្យ​ពួកគាត់រកលុយ ដើម្បីចិញ្ចឹមមេ។

មានការរិះគន់ផងដែរថា ខ្លួនជាអ្នកប្រព្រឹត្តក្នុងការដេញស្ទាក់ឃាត់រថយន្តដឹកឈើយកលុយដាក់ហោប៉ៅខ្លួនឯងសោះ មិនគួរណាយកឈ្មោះថ្នាក់ដឹកនាំមកប្រើ ដើម្បីបន្លាចអ្នកដឹកឈើនោះទេ។

លើសពីនេះទៅទៀតបើចាប់សូមចាប់ឲ្យ​គ្រប់គ្នា កុំចាប់តែអ្នកអត់មានខ្សែ និងខ្នងបង្អែក ចំណែកបក្ខពួកខ្លួនអត់ចាប់ វាមិនត្រឹមត្រូវឡើយ ឬមួយលោកទាំង២បានទទួលលាភសក្ការៈប្រចាំខែពីក្រុមឈ្មួញមានលុយទាំងនោះទើបមិនចាប់បង្ក្រាប?

បើតាមប្រភពមួយទៀត បានបង្ហើបថា លោកទាំង២បានទទួលលាភប្រចាំខែពីឈ្មួញម្នាក់ នៅដំបងវិញ រាប់ពាន់ដុល្លារក្នុង១ខែៗ។

មានការលើកឡើងទៀតថា ទង្វើដ៏គឃ្លើននេះ គួរណាស់តែថ្នាក់ដឹកនាំខាងមន្ទីរ ក៏ដូចក្រសួងបរិស្ថានពិនិត្យចាត់មន្ត្រីឲ្យ​ចុះអង្កេតមើលសកម្មភាពរបស់លោកទាំង២ខាងលើផង បើបណ្តែតបណ្តោយតទៅទៀតនាំឲ្យ​ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថានជាក់ជាមិនខានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post