header ads

Sponsor

រិទ្ធី

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ប្រា​យុទ្ធ ចន្ទ​អូ​ចា ​នាយករដ្ឋមន្ត្រី​ថៃ នឹង​ជិះ​រថភ្លើង​រួមគ្នា ដើម្បី​ពិនិត្យមើល​ខ្សែ​រថភ្លើង​រវាង​ប្រទេស​ទាំងពីរ​។ យោងតាមប្រសាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៨ ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន បានដាក់​ឱ្យ​ដំណើរការ​បណ្ដោះអាសន្ននូវសេវា ​​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពីខេត្ត​ពោធិ៍សាត់ ទៅ​រាជធានី​ភ្នំពេញ ដែលមាន​ប្រវែង​សរុប​១៦៦​គីឡូម៉ែត្រ។ ផ្លូវ​រថភ្លើង​ពី​ពោធិ៍សាត់​នេះត្រូវ​ភ្ជាប់​ស្ថានីយ​ខេត្តបាត់ដឹង ខេត្តកំពង់ស្ពឺ ទើប​មក​ភ្ជាប់​នឹង​រាជធានី​ភ្នំពេញ​។ ខ្សែ​រថភ្លើង​នេះនឹងត្រូវ​ត​ភ្ជាប់​ជុំវិញ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ។

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ជួប​ជាមួយ​ភាគី​ថៃ នៅ​ថ្ងៃទី​០៦ ខែកក្កដា ដើម្បី​ពិភាក្សា​ពី​ដំណើរ​ការតភ្ជាប់ និង​ការដឹកជញ្ជូន​អ្នកដំណើរ រួមទាំង​ទំនិញ​ដែល​ត្រូវ​ឆ្លងកាត់​ផ្ទាល់​រវាង​ប្រទេស​ទាំងពីរ​ ក្រោយ​មានការ​ឯកភាពគ្នា នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ​ថៃ នឹង​ជិះ​រថភ្លើង​រួមគ្នាដើម្បី​ពិនិត្យមើល​ខ្សែ​រថភ្លើង​រវាង​ប្រទេស​ទាំងពីរ​។

​ខ្សែ​រថភ្លើង​នេះគឺ​រត់​ពី​រាជធានី​ភ្នំពេញ រហូតដល់​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ប្រទេស​ថៃ​ ហើយខ្សែ​រថភ្លើង​នេះ នឹង​ភ្ជាប់​ជាមួយ​ខ្សែ​រថភ្លើង​ប្រទេស​ថៃ ហើយ​បន្ត​រហូតដល់​ប្រទេស​សិង្ហ​បុរី នាពេលខាងមុខ​។​

សូមបញ្ជាក់ថា ​ការស្តារ​ឡើងវិញ​កំណាត់​ផ្លូវដែក​ពី​ភ្នំពេញ រហូតដល់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នេះ រដ្ឋាភិបាលកម្ពុជាត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៩៦.៦​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទឹកប្រាក់​ប្រមាណ ១៣​លាន​ដុល្លារ​ជា​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយ​ទឹកប្រាក់ ៨៣.៦​លាន​ដុល្លារ ជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល​។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post