header ads

Sponsor

ពិសី

ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងនឹងចាត់វិធានការលើបុគ្គល ឬស្ថាប័នណា ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ខណៈដែលនាពេលកន្លងមក មានអ្នកលេងបណ្តាញសង្គម ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ និងមានការភាន់ច្រឡំដល់សាធារណៈជន និងបំពុលសង្គមផងដែរ ។

ការចាត់វិធានការបែបនេះ ធ្វើទ្បើងក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅទីស្តីការក្រសួងព័ត៌មាន លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងនឹងលែងប្រើវិធានការអប់រំទៀតហើយ ដោយប្រើវិធានការច្បាប់មកអនុវត្តវិញម្តង ខណៈដែលក្រសួងបានសង្កេតឃើញថា នាពេលកន្លងមកនេះ ក៏ដូចជានាពេលថ្មីនេះ អ្នកលេងបណ្តាញសង្គម ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌បំពុលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមផងដែរ ។

លោក បានបញ្ជាក់ថា ការចាត់វិធានការណ៍ទៅលើអ្នកលេងបណ្តាញសង្គម និងស្ថាប័នផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យបំបុលសង្គមនេះ គឺក្រសួងព័ត៌មាន បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ដើម្បីទប់ស្កាត់ និងតាមដានស្ថានភាពប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមនៅកម្ពុជា ដែលមិនត្រឹមត្រូវ ក្នុងការអនុវត្ដតាមនីតិវិធីច្បាប់ ។

លោក បានបញ្ជាក់ទៀតថា ការអនុវត្ដនេះ គឺជាការតម្រង់ទិសប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ឲ្យផ្សព្វផ្សាយតែព័ត៌មានពិត ច្បាស់លាស់ ការអប់រំ កម្សាន្ដ និងផ្សព្វផ្សាយព័ត៌មានល្អៗ ឲ្យគ្នាទៅវិញទៅមក ដើម្បីជៀសវាងក្លាយជាវេទិការវៃប្រហា ជេប្រម៉ាត ដែលគ្មានមូលដ្ឋាន និងគ្មានការផ្ដល់ប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ ។

លោកបន្តថា ព័ត៌មានការបំពុលសង្គមរបស់អ្នកព័ត៌មាន ចុះផ្សាយនោះ ដូចជារាជរដ្ឋាភិបាលនឹងប្រគល់ «បឹងយក្ខឡោម» ទៅឲ្យក្រុមហ៊ុនចិនធ្វើការវិនិយោគរយៈពេល៧៥ឆ្នាំ ហើយចំពោះអ្នកលេងបណ្ដាញសង្គមវិញ បានបង្ហោះថា មានការចាប់ក្មេងវះពោះ ដែលជាព័ត៌មានបំផ្លោង ដែលធ្វើឲ្យប៉ះពាល់ និងមានការភាន់ច្រឡំដល់សាធារណៈជន និងបំពុលសង្គមជាតិ ។

សូមបញ្ជាក់ថា ប្រកាសរួមស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើការតាមប្រព័ន្ធអ៊ីនធឺណែតនៅកម្ពុជា មាន១០ប្រការ។ ប្រការ២ មានគោលដៅប្រឆាំងទប់ស្កាត់រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កជាចលាចលបណ្ដាលឲ្យអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងប្រទេសដ៏ទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈការរើសអើង និងវប្បធម៌ប្រពៃណីជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post