កណ្តាលៈ បើតាមការអោយដឹងពីលោកមេឃុំត្រើយស្លា មកថា ក្រុមការងារគណៈពង្រឹងឃុំត្រើយស្លាបានកោះហៅថៅកែភាស៊ីផ្សារក្នុងស្រុកស្អាង បន្ទាប់ពីដឹងទៅលើសកម្មភាពរបស់ លោក ប៉ោ សេង នៅតែដាក់កូនចៅយកលុយពីបងប្អូនអាជីវករដែលលក់តាមកញ្ច្រែង,ល្អី ផ្គើនទៅនិងសារាចរណ៍របស់សម្តេចតេជោ រួចមកនោះ។
លោក ប៉ោ សេង ជាថៅកែភាស៊ីផ្សារ ស្រុកស្អាង ដែលបានសិទ្ធវិនិយោគរហូតទៅដល់៣៧ឆ្នាំ។
លោក ប៉ោ ប៉េង មេឃុំត្រើយស្លា បានអោយដឹងថាក្រុមការងារគណ:ពង្រឹងឃុំត្រើយស្លាបានហៅថៅកែភាស៊ីផ្សារក្នុងស្រុកស្អាងមកពិភាក្សាគ្នាតែរូបលោកមិនបានចូលរួមទេ លោកគ្រាន់តែដឹងតាមក្រុមការងារថាចាប់ពីថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៨ នេះតទៅខាងភាគីលោកប៉ោ សេង ព្រមបញ្ឈប់យកភាស៊ីពីបងប្អូនអាជីវករដែលលក់តាមកញ្ច្រែង,ល្អី ទៀតហើយ។
ការដែលលោកប៉ោ សេង ផ្គើនទៅនិងសារាចរណ៍របស់សម្តេចតេជោ រហូតមកដល់ពេលនេះបាន គឺដោយសារតែអាជ្ញាធរក៏ដូចជាជំនាញពាក់ព័ន្ធ ហាក់ដូចជាខ្លាចអំណាចថៅកែផ្សាររូបនោះ ព្រោះលោកប៉ោ សេង ជាយោធាស័ក្តិ៤កន្លះផងនិងជាជំនួយការមន្ត្រីជាន់ខ្ពស់មានឋាន:ស្មើរដ្ឋលេខាធិការទៀតផង។
ប្រភពពីមន្ត្រីក្រសួងសេដ្ឋកិច្ចហិរិញ្ញវត្ថុម្នាក់បានអោយដឹង ក្នុងល័ក្ខណ្ឌសុំមិនបញ្ចេញឈ្មោះ បានទំលាយថាការដែលលោកប៉ោ សេង បានសិទ្ធវិនិយោគផ្សារក្នុងស្រុកស្អាងរហូតដល់ទៅ៣៧ឆ្នាំ ដោយសារតែមានការឃុបឃិតគ្នានិងដោយមានការសម្របសម្រួលពីលោកជា គឹមតុង អនុប្រធានទ្រព្យសម្បត្តិរដ្ឋដែលបានលួចបង្កប់ភាគហ៊ុន ជាមួយ លោក ប៉ោ សេង មិនថាតែផ្សារនៅក្នុងស្រុកស្អាងនេះទេ សូម្បីតែផ្សារនៅទីរួមខេត្តមណ្ឌលគីរីក៏លោក ជា គឹមតុង មានភាគហ៊ុនជាមួយលោកប៉ោ សេងផងដែរ។
កន្លងមកប្រជាពលរដ្ឋ នៅក្នុងភូមិគោកអណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានផ្ទុះការតវ៉ា និងសំណូមពរឲ្យអាជ្ញាធរ ក៏ដូចជាគណៈពង្រឹងឃុំស្អាងភ្នំ មានវិធានការ ទប់ស្កាត់ចំពោះ ទីតាំង ចាក់សំរាមរបស់ លោកស័ក្តិ៤កន្លះ ប៉ោ សេង ដែល ជះក្លិនស្អេះ ស្អុយ ស្អាប ដោយភក់ជ្រាំ និងដង្កូវពាសវាលពាសកាល ប៉ះពាល់សុខភាព របស់ពួកគាត់យ៉ាងធ្ងន់ធ្ងរតែអាជ្ញាធរហាក់ពុំសូវហ៊ានចាត់ការឡើយហើយគេសង្កេតឃើញលោកប៉ោ សេង ពូកែអែបអបចៅហ្វាយស្រុកស្អាងយ៉ាងត្រជាក់ល្ហឹប។
ការវិនិយោគផ្សារក្នុងស្រុកស្អាងរហូតដល់៣៧ឆ្នាំនេះដែរខាងក្រុមអាជីវករលក់ដូរនៅផ្សារស្អាងខាងត្បូងក្តៅក្រហាយទៅនិងថៅកែផ្សារគិតតែយកភាស៊ីនិងធ្វើតែស្តង់លក់ត្រី(យឿត្រី) នាំចូលពីយួនជាលក្ខណៈឯកជនរបស់ខ្លូនតែមិនគិតសាងសង់ផ្សារទុកអោយពួកគាត់លក់ហាលខ្យល់ហាលភ្លៀងទង្វើរបែបនេះគួណាស់តែខាងមន្ទីរជំនាញមានវិធានការសារជាថ្មីផង។
ក្រុមអាជីវករលក់ដូរនៅផ្សារស្អាងខាងត្បូងក៏បានសំណូមពរដល់សម្តេចតេជោ ហ៊ុនសែន មេត្តាជួយសាងសង់ផ្សារស្អាងខាងក្បូងនេះផងព្រោះកន្លងមកថៅកែផ្សារជាច្រើននាក់មកហើយសាងសង់ផ្សារនេះមិនបានសម្រេចទេមានតែចេតនាបោករហូតមកដល់ថៅកែប៉ោសេងនេះមិនបានសាងសង់ផ្សារនេះទេមានតែមកលួចកាត់យកដែកនិងស័ង្កសីយកទៅសង់កន្លែងផ្សេងទៅវិញ។
ពាក់ព័ន្ធករណីខាងលើនេះ Campost មិនអាចទាក់ទងសុំការស្រាយបំភ្លឺ ពីលោក ប៉ោ សេង បាននៅឡើយទេ៕