header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ លោក ឯម សុគន្ឋ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានមន្ទីរបរិស្ថានស្តីទីជាង២ខែមក ត្រូវបានប្រជាពលរដ្ឋដែលរកសុីដឹកផល និងអនុផលរអ៊ូរទាំថា ប្រើកូនចៅឲ្យចេញធ្វើសកម្មភាពជំរិតទារលុយពីអ្នកដឹកឈើមិនញញើតឡើយ បើទោះជាឈ្មួញឈើខ្លះបានបង់លុយទៅឲ្យលោកទៅហើយក្តី។

ប្រភពបានរាយការណ៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង ព្រមទាំងលោក ឆេ ដែលគេដឹង និងស្គាល់ថា ជាមនុស្សជំនិតរបស់លលោក ឯម សុគន្ឋ បានធ្វើសកម្មភាពប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើកំណាត់ផ្លូវជាំកន្ទួត កៀបយកលុយដោយមិនខ្មាស់អៀន និងមិនខ្លាចច្បាប់ទម្លាប់ទាល់តែសោះ ឲ្យតែមិនទូរស័ព្ទប្រាប់គាត់មុន។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ មានគោយន្តកន្រ្តៃជាច្រើនគ្រឿង ដឹកឈើអារប្រហែល២ម៉ែត្រគូប និងរថយន្តដឹកឈើ១គ្រឿង នៅចំណុចផ្លូវតេ ត្រូវបានលោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង និងលោក ឆេ ប្រដេញយកលុយពីក្រុមគោយន្ត ៣០០.០០០រៀល។ ដោយឡែករថយន្តដឹកឈើ១គ្រឿង ដែលចេញពីជាំ មកដល់ចំណុចតេ ស្រុកឱរ៉ាល់ ត្រូវបានក្រុមលោក ឆេ ឃាត់ជាប់ ដោយតម្រូវឲ្យបង់លុយឲ្យចំនួន៥០០ដុល្លារ បើមិនបង់ទេ នឹងត្រូវចាប់អូសឡានយកទៅទុកនៅស្នាក់ការបរិស្ថានជាក់ជាមិនខានឡើយ។

ប្រភពខាងលើបន្តថា លោក ហ៊ុល ម៉ារា ត្រូវបានគេស្គាល់ច្បាស់ ជាអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ ចំណែកលោក ឈុន ឈាហេង ប្រធានកម្រង រីឯលោក ឆេ ជាមនុស្សជំនិតរបស់ប្រធានស្តីទីមន្ទីរបរិស្ថានតែម្តង។ អស់លោកទាំងនេះ ត្រូវអ្នកដឹកជញ្ជូនឈើស្គាល់គាត់ច្បាស់ ដោយហៅគាត់ (មេៗ) ដូច្នេះនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ គាត់ធំជាងលោក ខន សុខុន ដែលជានាយកដែនទៅទៀត។

បើចំពោះលោក ឈុន ឈាហេង វិញ ពីមុនជាអតីតនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្រោយមកមានរឿងអាស្រូវពុករលួយ ក៏ត្រូវដកទៅនៅក្រសួង។ ស្រាប់តែឥឡូវគាត់បានបង្ហាញយ៉ាងច្បាស់ក្រឡែត គាត់ជា (ប្រធានកម្រង) កាន់តែធំទៀត អ៊ីចឹងតើ បានគាត់សកម្មខាងប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើយកលុយទាំងយប់ថ្ងៃ ជាមួយលោក ហ៊ុល ម៉ារា និងលោក ឆេ មនុស្សជំនិតរបស់លោក ឯម សុគន្ឋ ដោយគ្មានការខ្មាស់អៀន និងខ្លាចរអាច្បាប់សូម្បីតែបន្តិច។

ប្រភពដដែលបន្ថែមទៀតថា លោក ឈុន ឈាហេង និងលោក ហ៊ុល ម៉ារា ព្រមទាំងលោក ឆេ គេសង្កេតឃើញពួកគាត់មានសកម្មភាពខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ភូមិជាំ ផ្លូវបំបែកតេ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រភពបន្តបញ្ជាក់ថា លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង ព្រមទាំងលោកចាប កឹមឆេ ប្រដេញយកលុយពីគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើនេះ គឺមិនមែនដេញដើម្បីបង្រ្កាបនោះទេ គឺប្រដេញយកលុយមិនឲ្យរួចខ្លួនជាដាច់ខាតសូម្បីតែចំនួន ១៥,០០០រៀល ឲ្យតែដឹកជញ្ជូនផលអនុផលព្រៃឈើ មិនថាឈើបង្គោលរបង ឬឈើអារនោះឡើយ និយាយរួមឲ្យតែមិនទូរស័ព្ទប្រាប់គាត់មុន។ ថែមទាំងបង្ហើបពាក្យថា ចាប់ពីពេលនេះទៅ គាត់ត្រូវយកលុយច្រើនជាងមុនបន្តិច ព្រោះមេរបស់គាត់ចេញប៉េឲ្យក៏សុីថ្លៃដែរ គ្មាននរណាម្នាក់រកសុីខាតនោះទេ។

ជាងនេះទៅទៀត នៅពេលស្ទាក់ឃាត់គោយន្ត និងរថយន្តដឹកឈើ គឺគាត់តែងតែយកឈ្មោះថ្នាក់ដឹកនាំ (ប្រធានមន្ទីស្តីទី) មកបន្លាចជានិច្ច ដោយនិយាយថា មេៗឲ្យពួកគាត់រកលុយ ដើម្បីចិញ្ចឹមមេ។ ព្រោះតែសម្តីរបស់អស់លោកនេះហើយ ទើបមហាជនយល់ថា ប្រហែលជាលោក ឯម សុគន្ឋ ដែលជាប្រធានស្តីទី ខំប្រឹងប្រើកូនចៅក្រោមឱវាទឲ្យស្វែងរកលាភសក្ការៈ ដើម្បីស្រង់ដើម និងយកទៅសែនដល់ថ្នាក់លើបន្តងាយស្រួលឈានឡើងជាប្រធានពេញសិទ្ធិហើយមើលទៅ។

មានការលើកឡើងផងដែរថា ចាប់តាំងពីលោក ឯម សុគន្ឋ ឡើងតំណែងជាប្រធានស្តីទីកាលណាមក ឃើញតែហៅឈ្មួញផឹកសុីមិនដែលខាននោះទេ រហូតដល់ឈ្មួញខ្លះត្រូវប្រពន្ធឈ្លោះព្រោះតែដើរផឹកជាមួយលោកប្រធានស្តីទីមិនស្គាល់ម៉ោងពេល។ឈ្មួញឈើមួយរូប ក្នុងចំណោមច្រើនរូបបាននិយាយនៅតុកាហ្វេថា ចាប់តាំងពីមុនបើកយុទ្ធនាការ ពួកគេត្រូវបានលោកប្រធានស្តីទី (ឯម សុគន្ឋ) ហៅឲ្យទៅជួប ដើម្បីប្រមូលថវិកាជួយបក្ស។ ដោយស្រលាញ់បក្ស និងចង់ឲ្យខ្លួនដឹកឈើបានស្រួល ក៏បង្ខំចិត្តទាំងមិនចង់ជួយឧបត្ថម្ភក្នុងម្នាក់ៗមិនក្រោម ៥.០០០ដុល្លារនោះទេ ជួយលុយប៉ុណ្ណឹងហើយ នៅតែលោកប្រធានចេញប៉េឲ្យកូនចៅដើរជម្រិតយកលុយតាមព្រៃទៀតពិតជាមិនធម្មតាមែន។

បើតាមប្រភពមួយទៀតបានបង្ហើបថា មុនពេលបែកធ្លាយរឿង គឺទាំងប្រធានស្តីទី និងលោកទាំង៣ បានទទួលសំណូកប្រចាំខែពីឈ្មួញម្នាក់នៅដំបងវិញ រាប់ពាន់ដុល្លារក្នុង១ខែៗ ជាថ្នូរនឹងការមិនចាប់ តែដោយទ្រាំនូវការកៀបសង្កត់ (ទារលុយ) ពីសំណាក់ប្រធានមន្ទីរស្តីទី និងកូនចៅខ្លាំងពេក ពេលនេះឈ្មួញរូបនោះបានប្តូររបរដឹកឈើទៅដឹកអំពៅវិញម្តង។

នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ បើតាមប្រភពច្បាស់ការណ៍មួយបានបង្ហើបថាពេលនេះដោយសភាពការណ៍មិនស្រួលដឹងដល់អ្នកកាសែត អស់លោកទាំងនោះបានស្វះស្វែងហៅម្ចាស់ឡានដឹកឈើឲ្យទៅជួប ដើម្បីប្រគល់លុយ៥០០ដុល្លារឲ្យវិញងាយស្រួលគេរាយការណ៍ទៅមេថា មិនមានរឿងដូចសេចក្តីរាយការណ៍នោះទេ។

នេះជាសេចក្តីរាយការណ៍ពីក្រុមអ្នកគោយន្តបានរាយការណ៍មកអ្នកព័ត៌មានយើងព្រោះតែទ្រាំនឹងសកម្មភាពរបស់ក្រុមមន្ត្រីបរិស្ថានទាំងអស់មិនបាន អ្នកខ្លះលើកឡើងថាមិនបង់លុយឲ្យសមតែចាប់ នេះបង់ឲ្យក្នុង១គោយន្ត ៣០០.០០០រៀលហើយ នៅតែចាប់បង្ខំឲ្យពួកគាត់បង់លុយក្រៅទៀត។

មានការលើកឡើងថា ទង្វើដ៏គឃ្លើននេះ គួរណាស់តែថ្នាក់ដឹកនាំខេត្តក៏ដូចក្រសួងពាក់ព័ន្ធ មេត្តាចាត់វិធានការចំពោះបុគ្គលខាងលើនេះផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post