header ads

Sponsor

រិទ្ធី

ថ្ងៃនេះជាថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ គណបក្សនយោបាយមួយចំនួនធំក្នុងចំណោមគណបក្សទាំង២០បាននិងកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយគោលនយោបាយក៏ដូចជាឃោសនារកសំឡេងគាំទ្រ។

ដោយឡែក លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងនិរទ្ទេសនៅក្រៅប្រទេសបានផ្សព្វផ្សាយខិត្តប័ណ្ណ អេឡិចត្រូនិច លេខ២ នៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ គណបក្សលេខរៀងទី ២០ គឺជាគណបក្សលក់ជាតិ បំផ្លាញជាតិ និងក្បត់ជាតិ។

លោក សម រង្ស៊ី បានចោទត្រង់ៗថា គណបក្សលេខរៀងពីទី១ ដល់ទី១៩ គឺជាគណបក្សអាប (មានតែក្បាលអត់ខ្លួន) ឬគណបក្សអំពិលអំពែក (កើតចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្តងៗ តែរលត់បាត់ទៅវិញអស់ ក្រោយថ្ងៃបោះឆ្នោត) គណបក្សទាំង១៩នោះ គ្រាន់តែជាគណបក្សមកបង្គ្រប់កិច្ចប៉ុណ្ណោះឱ្យគណបក្សប្រជាជនកម្ពុជា (លេខរៀងទី ២០) ដែលជាអ្នករៀបចំការបោះឆ្នោតក្លែងក្លាយថ្ងៃ២៩ កក្កដា ២០១៨ នេះ។

ការបោះឆ្នោតនេះជាឆាកល្ខោនដើម្បីកម្ចាត់គណបក្សសង្គ្រោះជាតិ សម្លាប់លទ្ធិប្រជាធិបតេយ្យ និងប្រថាប់ត្រាឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ១០០ ភាគរយ ហើយមានលេសកាន់អំណាច បំផ្លាញជាតិតទៅទៀត។ គណបក្សអាប និងគណបក្សអំពិលអំពែកទាំង១៩នោះ មិនគួរចូលមកលេងល្បែងដ៏ថោកទាបបែបនេះសោះ ពីព្រោះជាការចូលដៃជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្លាប់ជាតិមាតុភូមិកម្ពុជារបស់យើងទាំងអស់គ្នា។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។

លោក សម រង្ស៊ី បានពន្យល់ថាតែទោះបីជាគណបក្សអាប ឬអំពិលអំពែកណាមួយ ក្នុងចំណោមគណបក្សទាំង១៩ ថ្ងៃនេះ អាចក្លាយដប់ឆ្នាំទៀតទៅជាគណបក្សខ្លាំងគួរសមដែលអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា ពេលនោះ លោក ហ៊ុន សែន ច្បាស់ជានឹងរំលាយគណបក្សនោះ ដូចគាត់បានរំលាយគណបក្សសង្គ្រោះជាតិ ថ្មីៗនេះ អ៊ីចឹងដែរ។ ពិភពលោកដឹងហើយពេលនេះថា លោក ហ៊ុន សែន មិនហ៊ានលេងល្បែងប្រជាធិបតេយ្យទៀតទេ ពីព្រោះគាត់ដឹងថា គាត់ច្បាស់ជាចាញ់គណបក្សប្រឆាំងដែលបានរីកធំ ដូចគណបក្សសង្គ្រោះជាតិ បើមានការបោះឆ្នោតត្រឹមត្រូវពិតប្រាកដ។

ចុងបញ្ចប់ប្រធានចលនាសង្គ្រោះជាតិរូបនេះសន្និដ្ឋានថាប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្រលាញ់ជាតិ ស្រលាញ់សេរីភាព និងស្រលាញ់យុត្តិធម៌ មិនត្រូវទៅចូលរួមបោះឆ្នោតថ្ងៃ២៩ កក្កដា ខាងមុខនេះទេ ដើម្បីបង្ហាញពិភពលោកថា ហ៊ុន សែន ជាជនក្បត់ជាតិ អស់លក្ខណ៍ហើយ ពីព្រោះប្រជារាស្ត្រខ្មែរត្រូវការដូរគាត់ចេញ ដើម្បីមានការផ្លាស់ប្តូរជាវិជ្ជមាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post