header ads

Sponsor

ពិសី

ភ្នំពេញៈ កម្ពុជាប្រារព្ធខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន​ ដើម្បីរំលឹកចំណងទាក់ទងការទូត មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា នឹងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា និងចិន​ ដែលភាគីទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិផងដែរ។

ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីភាព ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

​ទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ពោល ៥ឆ្នាំក្រោយពេលកម្ពុជា ដណ្តើមបានឯករាជពីប្រទេសបារាំង​ ក្រោមស្នាព្រះហស្ថសម្តេចនរោត្តមសីហនុជាស្ថាបនិក។

ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ចិនជាច្រើនរូបសុទ្ធតែបានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយនឹងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេចបាន ក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាពរវាងប្រទេសកម្ពុជា នឹងចិន។ បើទោះបីស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសោយទិវង្គតលើទឹកដីមិត្តចិន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ទៅហើយក្តី តែទំនាក់ទំនងកម្ពុជា-ចិន នៅតែបន្តតាមព្រះរាជតម្រិះរបស់សម្តេច សីហនុ តរៀងមក។

ជាក់ស្តែងរដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩៧ ជាពិសេសក្រោយពេលមានដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលប្រសិទ្ធនាមថាបុរសខ្លាំងកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ១៩៩៩។

ផ្តើមចេញពីដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ការប្រាស្រ័យទាក់ទងគ្នាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន នឹងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

តាមរយៈទំនាក់ទំនងជាងកន្លះសតវត្សរ៍នេះ ប្រទេសទាំងពីរកម្ពុជា-ចិន ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស។

ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ ត្រូវពង្រីកដោយឥតឈប់ឈរ។ ចំនួនភ្ញៀវទេសចរចិនក្នុងឆ្នាំ២០១៦ បានកើនឡើងដល់ ៨៣ម៉ឺននាក់ ហើយបើគិតត្រឹមខែសីហា ឆ្នាំ២០១៧ ភ្ញៀវទេសចរចិន មានរហូតដល់ជាង ១លាននាក់។ ជារៀងរាល់ថ្ងៃមានជើងយន្តហោះចំនួន៣៥ ធ្វើការហោះហើរទៅមករវាងប្រទេសចិន នឹងកម្ពុជា ហើយក្នុងនោះមានទីក្រុងរបស់ប្រទេសចិនជាង១០ ដែលមានជើងហោះហើរមកកាន់កម្ពុជាដោយផ្ទាល់។

ក្នុងទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលចិន បានផ្តល់ប្រាក់កម្ចីសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានជាច្រើនខ្សែផងដែរ។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចមានចំនួន ២៣ខ្សែ មាប្រវែងសរុប ២,៣០១គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៣០០លានដុល្លារអាមេរិក។

គម្រោងកំពុងសាងសង់មានចំនួន៦ខ្សែ មានប្រវែងប្រមាណ៦០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៤៩០លានដុល្លារអាមេរិក។ គម្រោងត្រៀមសាងសង់ក្នុងឆ្នាំ២០១៨នេះ មានចំនួន២គម្រោង គឺគម្រោងផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងសុរប ១៨៧គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣លានដុល្លារអាមេរិក ។

ស្ពានធំៗដែលបានសាងសង់រួចមានចំនួន៧ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្នា។ សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហ ប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច កំពុងសាងសង់ និងត្រៀមសាងសង់ មានទឹកប្រាក់ប្រមាណ ២,៥៥៣លានដុល្លារអាមេរិក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post