header ads

Sponsor

ពិសី

ភ្នំពេញៈ នៅក្នុងជំនួបសវនាការជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មីប្រចាំកម្ពុជា នាទីស្តីការក្រសួងកាលពី រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើឲ្យលោកទូតថ្មី ជួយជំរុញឲ្យមានការហោះហើរត្រង់ ពីប្រទេសឥណ្ឌូនេស៊ីមកកាន់កម្ពុជា ប្រយោជន៍ដើម្បីនាំមកនូវកំណើនភ្ញៀវទេសចរ ព្រោះថា នាពេលបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា មានចំនួនតិចតួចនៅឡើយ ដោយសារគ្មានការហោះហើរត្រង់នោះ។

បើតាមលោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួង ទេសចរណ៍បានឲ្យដឹងថា “ដោយសារខ្វះជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាធ្វើឲ្យចំនួនភ្ញៀវទេសចរពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាមានប្រហែលជាង២ម៉ឺននាក់ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលនាំឲ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លើកយកបញ្ហានេះ មកពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មីប្រចាំ កម្ពុជាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត។

សូមជម្រាបជូនថា ក្រៅពីការពិភាក្សាអំពីការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា លោក ថោង ខុន និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានពិភាក្សាផងដែរ អំពីការរៀបចំពិធីបុណ្យព្រះពុទ្ធសាសនា ដ៏ធំមួយនៅខេត្តសៀមរាប ដែលនឹងមានគណៈប្រតិភូមកពីបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាមកពីជុំវិញពិភពលោកចូលរួម ដោយពិធីបុណ្យមួយនេះបានប្រារព្ធធ្វើនៅកម្ពុជាម្តង រួចមកក្រោមការចូរួមសហការពីឥណ្ឌូនេស៊ី។

ក្រៅពីនេះលោក ថោង ខុន បានស្នើសុំឲ្យមានអនុស្សរណៈស្តីពីការយោគយល់គ្នារវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ីផងដែរ ហើយចំពោះការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា បើតាមការបញ្ជាក់របស់លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ថា នឹងអាចចាប់ផ្តើមនៅឆ្នាំ២០១៩ ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post