header ads

Sponsor

ពិសី

ថៃៈ ក្រុមអ្នកមុជទឹកដែលកំពុងព្យាយាមរំដោះក្មេងប្រុស១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលជាប់ក្នុងរូងភ្នំនៅតំបន់ភាគខាងជើងប្រទេសថៃ ត្រូវតែធ្វើដំណើរឆ្លងកាត់ផ្លូវដែលជន់លិចដ៏ងងឹតរយៈពេល៦ម៉ោង ដើម្បីអាចទៅដល់ពួកគេ ហើយវាត្រូវការរយៈពេល៥ម៉ោងទៀត ដើម្បីវិលត្រឡប់មកវិញ ។

រឿងរ៉ាវលំអិត នៃប្រតិបត្តិការពិសេសកំពុងធ្វើនៅក្នុងរូងភ្នំថាមលួង ត្រូវបានលាតត្រដាង នៅថ្ងៃព្រហស្បត្តិ៍នេះ ស្របពេលដែលក្រុមអ្នកជួយសង្រ្គោះ បានបន្តផែនការចម្រុះរបស់ពួកគេ ដើម្បីរំដោះក្មេងប្រុស ដែលបានជាប់ខ្លួនក្រោមដីអស់រយៈពេលជិត២សប្តាហ៍មកហើយ ។

ភ្លៀងធ្លាក់ច្រើនទៀត ត្រូវបានព្យាករណ៍ថា នឹងបង្អុរចុះនាចុងសប្តាហ៍នេះ ជាហេតុធ្វើឲ្យដាក់សំពាធបន្ថែមទៀត មកលើក្រុមជួយសង្រ្គោះឲ្យបង្កើតផែនការមួយ ដើម្បីនាំក្មេងៗឡើងគោក មុនពេលដែលទឹកជន់ឡើងខ្ពស់បន្ថែមទៀត ។

បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានបូមចេញពីក្នុងរូងភ្នំជារៀងរាល់ថ្ងៃ ប៉ុន្តែច្រកដ៏តូចចង្អៀតនៅក្នុងរូងភ្នំ នៅតែជន់លិចដដែល នេះមានន័យថា ការមុជទឹកឆ្លងកាត់ទឹកដ៏ងងឹត បច្ចុប្បន្ន គឺជាមធ្យោបាយតែមួយគត់ក្នុងការចេញ និងចូលរូងភ្នំ ។

+ការព្យាយាមបញ្ឈប់កុំឲ្យទឹកឡើង

ថ្វីត្បិតតែចំណាយពេលជិត២សប្តាហ៍ នៅក្រោមដីយ៉ាងណាក្តី អភិបាលខេត្តឈៀងរ៉ៃ លោក ណារ៉ុងស័ក្តិ អូសុតតាណាខន បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា ក្មេងៗមានសុខភាពល្អប្រសើរជាធម្មតាទេ ។

លោក ណារ៉ុងស័ក្តិ បាននិយាយថា “ខ្ញុំសូមបញ្ជាក់នៅទីនេះម្តងទៀតថា ពួកគេមានសុខភាពល្អ ហើយពួកគេនៅញញឹម និងលេងសើចជាមួយគ្នាយ៉ាងសប្បាយរីករាយ” ។

រូបភាពចុងក្រោយគេ ដែលពិភពលោកបានមើលឃើញក្មេងប្រុសទាំងអស់នេះ គឺកាលពីថ្ងៃពុធ នៅក្នុងវីដេអូមួយជាកន្លែងដែលពួកគេណែនាំខ្លួនឯងម្នាក់ម្តងៗ ដោយនិយាយថា “ខ្ញុំមានសុខភាពល្អទេ”។

ចាប់តាំងពីពួកគេត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ ដោយអ្នកជំនាញមុជទឹកក្នុងរូងភ្នំអង់គ្លេស២នាក់ ទាហានជើងទឹកថៃ SEAL បាននាំយកជំនួយថ្នាំពេទ្យ និងចំណីអាហារសម្រាប់ក្រុមក្មេងៗទាំងនេះ។ ពួកគេទន់ខ្សោយ ក្រោយចំណាយពេលជាច្រើនថ្ងៃនៅទីងងឹត ។

ស្របពេលដែលកិច្ចខិតខំបូមទឹកចេញពីរូងភ្នំ ដើម្បីអនុញ្ញាតឲ្យក្មេងៗជាប់ខ្លួនដើរបានកំពុងបន្តនោះ ទាហានជើងទឹកដី SEAL ដែលអាចទៅដល់ក្មេងប្រុសទាំងអស់នេះ កំពុងបង្រៀនពួកគេពីវិធីសាស្រ្តមុជទឹក ។

យថាហេតុនេះ ដែលត្រូវបានគេចាត់ទុកថា ជាការប្រថុយប្រថានដ៏គ្រោះថ្នាក់បំផុតមួយ ដោយក្រុមអ្នកជំនាញជាច្រើននោះ គេនឹងមើលឃើញក្មេងៗមុជទឹកឆ្លងកាត់ច្រកលិចទឹកដ៏តូចចង្អៀត ដោយពាក់ម៉ាស់មុជទឹក ។

នៅថ្ងៃព្រហស្បត្តិ៍នេះ ក្រុមជួយសង្រ្គោះនៅតែប៉ុនប៉ងយកខ្សែទំនាក់ទំនង ដើម្បីអនុញ្ញាតឲ្យក្មេងៗអាចនិយាយជាមួយម្តាយឪពុករបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងលើកដំបូង បានបរាជ័យទៅហើយ ដោយសារតែវាខូច ក្រោយធ្លាក់ចូលទឹក ។

+ភ្លៀងគឺជាក្តីកង្វល់ខ្លាំងជាងគេ

ក្រុមអ្នកសម្របសម្រួលការងារសង្រ្គោះ កំពុងតែសំឡឹងមើលមេឃដោយមិនដាក់ភ្នែក ដោយរំពឹងថា វានឹងភ្លៀងខ្លាំងបន្ថែមទៀត ដែលអាចនាំឲ្យគ្រោះថ្នាក់ដល់បេសកកម្មសង្រ្គោះរបស់ពួកគេ ។

លោក ណារ៉ុងស័ក្តិ បាននិយាយថា កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានប្រឈមនឹងពេលវេលា ហើយដល់ពេលឥឡូវ ពួកយើងប្រឈមនឹងបញ្ហាទឹកម្តង ។

លោកបន្តថា យើងកំពុងបូមទឹកចេញតាមសមត្ថភាពដែលយើងមាន ប៉ុន្តែទឹកនឹងហូរចូលទៀត មិនសំខាន់ថាយើងបានបិទចន្លោះច្រើនប៉ុណ្ណាទេ ទឹកក៏នៅតែហូរចូលអញ្ចឹង ។

លោក ណារ៉ុងស័ក្តិ បានបញ្ជាក់ថា ក្រុមសង្រ្គោះមានតែអង្វរមេឃទេថាកុំភ្លៀងទៀត ហើយពួកគេត្រូវតែធ្វើឲ្យបានលឿនបំផុត មុនពេលដែលមានភ្លៀងធ្លាក់ ។

លោកនិយាយថា បើសិនជាយើងត្រូវតែជម្លៀសក្មេងៗចេញឲ្យបានមុនពេលដែលពួកគេត្រៀមខ្លួនរួចដោយសារខ្លាចភ្លៀងនោះ យើងនឹងធ្វើបែបនេះ ប៉ុន្តែវានឹងក្លាយជាការសម្រេចចិត្តចុងក្រោយគេបំផុត ក្នុងការធ្វើបែបនេះ ។

ក្រុមជួយសង្រ្គោះ បានរៀបចំឧបករណ៍មុជទឹក១៣សម្រាប់រួចហើយ ឲ្យក្មេងៗ និងគ្រូបង្វឹករបស់ពួកគេ ប៉ុន្តែលោក ណារ៉ុងស័ក្តិ មិនបានបញ្ជាក់នោះទេថា តើការជួយសង្រ្គោះនេះ នឹងកើតឡើងនៅថ្ងៃព្រហស្បត្តិ៍នេះ ឬក៏យ៉ាងណា ។

ការព្យាករណ៍អាកាសធាតុរបស់ទូរទស្សន៍ CNN បានរាយការណ៍ថា ខណៈពេលដែលភ្លៀងមិនអាចច្រានចោលបាន ទំនងណាស់ថា ទីនោះនៅតែស្ងួតដដែល យ៉ាងហោចណាស់ក៏រហូតដល់ថ្ងៃសៅរ៍ដែរ ។

ឱកាសនៃភ្លៀងធ្លាក់ខ្លាំង នឹងកើនឡើងចាប់ពីថ្ងៃអាទិត្យតទៅ ហើយស្របពេលដែលមានភ្លៀងធ្លាក់ច្រើន វានឹងក្លាយជាការគំរាមកំហែងមួយ នៃការភ្លៀងធ្លាក់កាន់តែខ្លាំងបំផុត ។

+កិច្ចខិតខំរបស់អន្តរជាតិ

យោងតាមសេចក្តីថ្លែងការណ៍មួយ ពីក្រុមនគរបាលសហព័ន្ធអូស្រ្តាលី(AFP) បានឲ្យដឹងថា ក្រុមអ្នកមុជទឹកទាហានជើងទឹកថៃ បាននាំយកការផ្គត់ផ្គង់សំខាន់ៗ ដែលរួមមានទាំងចំណីអាហារ និងទឹកសម្រាប់រយៈពេលយ៉ាងហោច២សប្តាហ៍ ជាមួយនឹងភួយអាលុយមីញ៉ូម ដោយមានការគាំទ្រពីក្រុមអ្នកមុជទឹកអូស្រ្តាលី និងអ្នកមុជទឹកអន្តរជាតិជាច្រើនទៀត ។

ក្រុមមន្រ្តីរបស់ក្រុមឆ្លើយតបពិសេស(SRG) របស់ AFP ស្ថិតនៅក្នុងចំណោមអ្នកមុជទឹក និងបុគ្គលិកគាំទ្រ ដែលត្រូវបានបញ្ជូនទៅដោយបណ្តាប្រទេសជាច្រើន ។

ពួកគេបាននឹងកំពុងសហប្រតិបត្តិការ ជាមួយនាយទាហានជើងទឹកថៃ និងក្រុមអ្នកមុជទឹក ដើម្បីគរបំពង់អុកស៊ីសែន និងឧបករណ៍ដ៏ទៃទៀត នៅតាមច្រកផ្លូវក្នុងរូងភ្នំ ។

ពួកគេទាំងនេះ គឺជាចំណែកមួយនៃក្រុមជួយសង្រ្គោះអន្តរជាតិ ដែលរួមទាំងក្រុមកពីយោធាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងចិន ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post