header ads

Sponsor

ពិសី

សៀមរាបៈ មន្រ្តីទាហានម្នាក់ ត្រូវបានចាងហ្វាងកាសែតម្នាក់ ដេញបាញ់គំរាម កាលពីថ្ងៃអង្ការ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប។

មន្រ្តី​នគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនរងគ្រោះ ដែលរងនូវការដេញបាញ់គំរាមពីសំណាក់ចាងហ្វាងកាសែត ឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រះវិហារ ខេត្តព្រះវិហារ។ ចំណែកជនសង្ស័យឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរជាចាងហ្វាងកាសែត “ដំណឹងកម្ពុជា” មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

មន្រ្តីនគរបាលស្រុកស្វាយលើ បន្តថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី១០ ខែកក្កដា ឆ្នាំ២០១៨ជនរងគ្រោះបានបើករថយន្តត្រឡប់មកខេត្តព្រះវិហារវិញ ដោយមានម៉ូយជិះជាមួយគ្នាពីរនាក់ ហើយបើកចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តព្រះវិហារវិញ។ ស្រាប់តែបើកដល់ចំណុចខាងជើងផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យ បានបើករថយន្តម៉ាកកាម៉ារី សេរីឆ្នាំ២០១៧ (ហាយព្រីត) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM-1240 ដេញតាមពីក្រោយជនរងគ្រោះ ហើយជនសង្ស័យ បានឡើងវ៉ារថយន្តជនរងគ្រោះ រួចជនសង្ស័យបានបើកកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ ជនរងគ្រោះរួចស្រែកជេរជនរងគ្រោះថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម ខណៈនោះជនរងគ្រោះមិនដឹងរឿងផងនោះ ក៏បន្ថែមល្បឿនយ៉ាងលឿន ។ ជនសង្ស័យក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះមួយគ្រាប់ ធ្វើឲ្យ​ជនរងគ្រោះបើករថយន្តបន្តមិនហ៊ានឈប់ ចំណែកជនសង្ស័យក៏នៅតែបើកតាមបន្តទៀត លុះបើកដល់ចំណុចការដ្ឋានកិនថ្ម ក្បែរអង់តែនទូរស័ព្ទភ្នំក្បាលប្រើស ភូមិអង្កាញ់ ឃុំស្វាយលើ។ ជនសង្ស័យបានវ៉ាទៅមុនហើយឈប់រថយន្តពីមុខរថយន្តជនរងគ្រោះ រួចបើកទ្វាររថយន្តចុះមក ហើយមានកាន់កាំភ្លើងខ្លីផងនោះ ទើបជនរងគ្រោះស្គាល់ឈ្មោះ ឆោម ស៊ីថា ជាអ្នកាសែតធ្លាប់ទារប្រាក់ដឹកឈើតាមផ្លូវ ឃើញដូចនេះជនរងគ្រោះបានបើកឡានអែបចំរាក់ផ្លូវ រួចបន្ថែមល្បឿនទៅមុខទៀត ស្របពេលនោះជនសង្ស័យបានស្រែកថា អាហែងឈប់ភ្លាម ជនរងគ្រោះមិនឈប់ ទើបជនសង្សយ័បានបាញ់គំរាមមួយគ្រាប់ទៀត ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ច និងព្រះរាជអាជ្ញាខេត្តព្រះវិហារ និងបានដាក់បណ្តឹងនៅអធិការ ទើបកម្លាំង​នគរបាលបាន ឃាត់ខ្លួនជនសង្សយ័ខាងលើ ដើម្បីសាកបន្តនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post