header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យអាចមានច្រើននាក់ ក្នុងសកម្មភាពឆ្លាតវ៉ៃ ជំនាញខាងIT បានកាត់របងលួសចូលធ្វើសកម្មភាព កាត់ផ្តាច់ប្រព័ន្ធកាមេរ៉ាសុវត្តិភាព ដកទាំងក្បាលDVR (ឧបករណ៍ផ្ទុកទិន្នន័យថតរូបភាព) ចេញហើយ គាស់ទ្វារចូលទៅវាយបំបែកទូដែក លួចលុយអស់ជិត២ម៉ឺនដុល្លារ បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្តិភាព សូម្បីសន្តិសុខយាមប្រចាំរោងចក្រ ចម្ងាយពីអគារកើតហេតុ ប្រហែល៥០ម៉ែត្រ តែអត់ដឹងរលីង រហូតដល់វេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បុគ្គលិកចូលធ្វើការ ទើបដឹងឆោឡោ ប្តឹងប៉ូលិសចុះទៅពិនិត្យ ដល់រោងចក្រ កាត់ដេរសម្លៀកបំពាក់ យីហោ COCO ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមរដ្ឋបាលរោងចក្រ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រោងចក្រខាងលើ បានបើកលុយប្រាក់ខែជូនកម្មកររួចរាល់ហើយ ហើយនាយកក្រុមហ៊ុន បានយកលុយជិត២ម៉ឺនដុល្លារ ដាក់ក្នុងទូដែក បន្ទប់គណនេយ្យ ការងារពេលយប់រោងចក្រខាងលើ មិនមានកម្មករធ្វើការ ឬថែមម៉ោងដែរ មានតែសន្តិសុខរបស់ក្រុមហ៊ុនឯកជន «តាព្រហ្ម» យាមប្រចាំរោងចក្ររាល់ថ្ងៃ រហូតដល់ព្រឹកថ្ងៃទី១១ ខែកក្កដានេះ បន្ទាប់ពីរដ្ឋបាលជនជាតិចិន-ខ្មែរ ចូលធ្វើការ ស្រាប់តែឃើញទ្វារត្រូវបានជនសង្ស័យគាស់របើកចូលទៅក្នុងបន្ទប់រដ្ឋបាល បន្ទប់គណនេយ្យ រើកកាយតាមចិត្ត សម្ភារៈក្នុងការិយាល័យរប៉ាត់រប៉ាយ ជនសង្ស័យកាត់ផ្តាច់យកក្បាលDVR (ឧបករណ៍ផ្ទុកទិន្នន័យ ថតរូបភាព) កត់ខ្សែកាមេរ៉ាសុវត្តិភាព ហើយក្បាលកាមេរ៉ា ចំនួន២គ្រាប់ ត្រូវបានជនសង្ស័យកាច់បង្វែរខុសទិសដៅ ជនសង្ស័យផ្តាច់ទាំងប្រព័ន្ធកុំព្យុទ័រ ដកហីតហាតឌីស ចូលទៅពិនិត្យក្នុងបន្ទប់គណនេយ្យ ត្រូវបានជនសង្ស័យ វាយ គាស់ បំបែកទូដែក លួចលុយបាត់អស់ជិត២ម៉ឺនដុល្លារ សម្ភារៈរាយប៉ាយ ប្រាក់រៀល ធ្លាក់រាយប៉ាយ ក្នុងបន្ទប់ ។

ប្រភពបន្តទៀតថា ក្រោយពីដឹងថាជនសង្ស័យ មានជំនាញបច្ចេកវិជ្ជា IT ហើយបានបំផ្លាញចោល រួចធ្វើសកម្មភាពចូលលុកលុយតាមចិត្ត ក្នុងបន្ទប់រដ្ឋបាលរោងចក្រ លួចយកទ្រព្យសម្បត្តិ លុយកាក់ គេចខ្លួនបាត់ស្រមោល ហើយបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ដើម្បីស្រាវជ្រាវរកមុខជនសង្ស័យ ហ៊ានម្លឹងៗ ទោះជាមានសន្តិសុខយាមប្រចាំក្បែរនោះហើយ នៅតែសកម្មភាពរបស់ជនសង្ស័យធ្វើបានសម្រេចទៀត ។

តាមការពិនិត្យជាក់ស្តែង ជនសង្ស័យមិនមែនមានតែម្នាក់ឯងនោះទេ កាត់បន្លាលួសរបងផ្លោះចូលទៅកាត់សោរទ្វារ កាត់ផ្តាច់ប្រព័ន្ធគ្រឿងបំពាក់កាមេរ៉ាសុវត្តិភាព បានយ៉ាងងាយ ហើយចូលលួចលុយក្នុងទូដែក ។ អគារដែលជនសង្ស័យចូលធ្វើសកម្មភាព មានចម្ងាយពីប៉ុស្តិ៍យាមរបស់កងសន្តិសុខ ចម្ងាយប្រហែល៥០ម៉ែត្រ តែមិនដឹងថា អ្នកយាម យាមយ៉ាងដូចម្តេច ទើបចោរចូលលុកលុយក្នុងរោងចក្រ តាមអំពើចិត្តហើយ អត់មានអ្នកណាដឹង បន្សល់ទុកតែស្លាកស្នាមឲ្យក្រុមហ៊ុន ឲ្យសមត្ថកិច្ចងឿងឆ្ងល់ និងទុកឲ្យស្រាវជ្រាវ ។

ក្រោយពីមានជនសង្ស័យចូលលុកលុយ លួចទ្រព្យសម្បត្តិ លុយកាក់ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ COCO ខាងលើ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង និងបន្តស្រាវជ្រាវតាមបណ្តឹងក្រុមហ៊ុនរោងចក្រ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post