![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5xZtBMfS0CFaf8d59V13Df9H3ZUF-tXR5jt92aAWaFI2GrjOwCgJR4yenXIq1O46C51CjDLHR4aD-ZIPRHkL6mMCnipaFKnkeI40l3G2pI7XNThpnYsaTE1G3Mt2_NFGXtyfrXWNMHBgX/s1600/Thumbnail-Recovered.jpg)
ភ្នំពេញៈ យ៉ាងហោចណាស់មានបុរស ចំនួន៨នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក្រសួងមហាផ្ទៃ បញ្ជូនខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយនគរបាលជំនាញ បានបើកការស្រាវជ្រាវរកឃើញថា ពួកគេបានប្រើប្រាស់តួនាទីជាកងកម្លាំងនគរបាលជាតិ ជាយោធា និងកាន់កាប់អាវុធខុសច្បាប់ ដើម្បីទៅបម្រើការជាសន្តិសុខយាម នៅធនាគារឯកជនធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ។
ជនសង្ស័យ ចំនួន១២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរនេះ ប៉ុន្តែមានតែជនសង្ស័យ៨នាក់ប៉ុណ្ណោះ ត្រូវបានបញ្ជូនឡើងតុលាការ ។
ជនសង្ស័យចំនួន០៨នាក់ ដែលត្រូវបញ្ជូនទៅកាន់តុលាការរួមមាន៖ ទី១-ឈ្មោះ សរ វិរៈ ភេទប្រុស អាយុ៤៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេនគរបាល ដើរប្រកាសជ្រើសរើសនគរបាលចូលក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិ និងបំពាក់អាវុធដោយមានលិខិតបញ្ជាបេសកកម្មក្លែងក្លាយ ដល់កម្លាំងដែលរូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារខាងលើ, ទី២-ឈ្មោះ ឃិត សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជាមេក្លោង បន្លំខ្លួនជាមេយោធា ដើរប្រកាសជ្រើសរើសនគរបាល ចូលក្របខ័ណ្ឌកងយុទ្ធពលខេមរភូមិន្ទ និងបំពាក់អាវុធដោយមានលិខិតបញ្ជាបេសកកម្មក្លែងក្លាយ ដល់កម្លាំងដែលរូបគេជ្រើសបាន និងបានបញ្ជូនពួកឲ្យទៅធ្វើជាសន្តិសុខ យាមតាមធនាគារ, ទី៣-ឈ្មោះ ឡូច ម៉េងហួង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ សន្តិសុខការពារនៅគោលដៅធនាគារ, ទី៤-ឈ្មោះ វ៉ន សុផានិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ សន្តិសុខការពារនៅគោលដៅធនាគារ, ទី៥-ឈ្មោះ លី ឃាន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ សន្តិសុខការពារនៅគោលដៅធនាគារ, ទី៦-ឈ្មោះ ផុស សឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សន្តិសុខការពារនៅគោលដៅធនាគារ, ទី៧-ឈ្មោះ ក្រាក់ ទៀង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ សន្តិសុខការពារនៅគោលដៅធនាគារ, ទី៨-ឈ្មោះ ឌិន ធុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ សន្តិសុខការពារនៅគោលដៅធនាគារ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfHVZ9icY1xND-fvaoApxACVc92K2yR8sQr4wHUgfK2cGDFmVgNiMGcrTvxY2evkY1nOp-Z_EXZO21RXEFkuspSYeGN-YFSwWh63sCu-AtRSIwonydraoH40ix1bOm7rx8diROIi5XAEn/s1600/537757702.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiygivLeESoUhUnUNa_OojmP_kkMp5JwBi723_K1E2GuIodbFUT6gQBFu7FUUTl86jF_w-24hlFzvATkenDaRN0sEID3WmIzAVGEaZsnroXoXGymnwGboO2yOLeSc5QD51g0eYn4PRqWwV6/s1600/537757703.jpg)
ក្នុងប្រតិបត្តិការនោះផងដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ អាវុធខ្លី ចំនួន១០ដើម (ម៉ាករ៉ូឡូចំនួន៣ដើម, ម៉ាកកា៥៩ ចំនួន៣ដើម, ម៉ាកកា៥៤ ចំនួន៣ដើម និងម៉ាកMAC CAL 9mn ចំនួន១ដើម) វិទ្យុទាក់ទង ចំនួន៨គ្រឿង និងលិខិតប្រើប្រាស់អាវុធក្លែងក្លាយ រួមទាំងសម្ភារៈមួយចំនួនធំ ។
លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរជនសង្ស័យទាំង៨នាក់ នៅឡើយរហូតដល់ល្ងាចថ្ងៃទី២៥កក្កដានេះ ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ យកទៅសាកសួរនាំ សមត្ថកិច្ចបានកំណត់មុខសញ្ញាមួយចំនួន ដែលកំពុងតែបម្រើការនៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗ នៅក្នុងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនបញ្ជូនមកតុលការសម្រេចតាមច្បាប់ ។ លក្ខណៈនៃបទល្មើសខាងលើនេះ គឺពួកគេប្រើប្រាសឯកសណ្ឋានក្លែងក្លាយ លិខិតកាន់កាប់អាវុធក្លែងក្លាយ និងតួនាទីក្លែងក្លាយទាំងអស់៕