header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជន៣នាក់ មានម្នាក់របួសធ្ងន់ធ្ងរ និងពីរនាក់ផ្សេងទៀត បានស្លាប់ទន្ទឹមគ្នានៅលើថ្នល់យ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីពួកគាត់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីរាំលេងក្លឹបទៅបុកជាមួយរថយន្តកូរ៉េ ចំណុះ២តោនកន្លះ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ ចំណុចមុខសួនឧស្សាហកម្មវឌ្ឍនៈ២ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវជនរងគ្រោះ ដែលស្លាប់នៅកន្លែងកើតហេតុ រួមមាន ទី១ឈ្មោះ ស៊ិន សុភា អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ អាសយដ្ឋានស្នាក់នៅភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រីឯជនរងគ្រោះដែលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

មិត្តភ័ក្ដិរបស់ជនរងគ្រោះទាំង៣នាក់ បានឲ្យដឹងថា ពួកគេមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង (មួយគ្រឿងជិះគ្នា៣នាក់) បានចេញពីរាំលេងនៅក្លឹបនៅម្ដុំចោមចៅ ហើយជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង បំណងត្រឡប់ទៅផ្ទះវិញ។ ខណះជិះជិតដល់កន្លែងកើតហេតុ ភាគីម្ខាង ដែលជិះម៉ូតូ១គ្រឿងឌុបគ្នា៣នាក់ បានឈប់បត់ជើងតូច ហើយម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-8828 ដែលជនរងគ្រោះ៣នាក់ ជិះបន្តទៅមុខមុន តែអកុសលបែរជាជ្រុលទៅបុកជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកេវ 3A-1622 ដែលដឹកអំបិលក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបោកក្បាលជាមួយរថយន្តស្លាប់២នាក់ នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់។

ក្រោយពេលកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់រហូតដល់វិទ្យាល័យពងទឹក ទើបឈប់រថយន្តទុកចោល ហើយអ្នកបើកបរចុះគេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញ មកធ្វើការវាស់វែង ព្រមទាំងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះទាំងពីរ សមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post