Monday, July 2, 2018

នាយករដ្ឋមន្ដ្រី ៖ វត្តមានចិននៅកម្ពុជាសព្វថ្ងៃនេះ គឺពួកគេមកវិនិយោគជាអគារធំៗ

ពិសី

ភ្នំពេញៈ នៅរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានប្រជាជនចិន មករស់នៅស្រុកខ្មែរ យ៉ាងច្រើនកុះកុ ខណៈប្រជាពលរដ្ឋខ្មែរមួយ ចំនួនបានក្ដៅក្រហាយ ទៅនឹងប្រជាជនចិន រស់នៅស្រុកខ្មែរថាមិនគោរពច្បាប់របស់កម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបកស្រាយវិញថា វត្តមានរបស់ប្រជាជនចិន រស់នៅកម្ពុជាសព្វថ្ងៃនេះ គឺពួកគេ មកវិនិយោគជាអគារធំៗ ដែលកំពុងតែមានការសាងសង់ យ៉ាងខ្លាំងក្លានៅកម្ពុជា ដូច្នេះពលដ្ឋ កុំមានការភ័ន្ដច្រឡំ។

បច្ចុប្បន្ននេះ កម្ពុជាកំពុងទទួលភ្ញៀវទេសចរណ៍ចិន ប្រមាណ១លាន២សែននាក់ ដូច្នេះ រដ្ឋាភិបាលចិន បានប្ដេជ្ញាជំរុញភ្ញៀវទេសចរចិន មកទស្សនានៅកម្ពុជា នៅឆ្នាំ២០២០ខាងមុខ រហូតដល់២លាននាក់ ខណៈដែលក្រុមហ៊ុនធំៗរបស់ចិន ក៏កំពុងចាប់អារម្មណ៍ មកបណ្តាក់ ទុនរកស៊ីខាងវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន អាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវកម្ពុជាមិន បានទទួលនូវ ជនភៀសខ្លួនចិននោះទេ។

សម្ដេចថ្លែងថា “ប៉ុន្ដែឥឡូវនេះ វត្តមានរបស់ចិននៅក្នុងប្រទេសរបស់យើង សូមបងប្អូនកុំមាន ការភ័ន្ដច្រលំ នេះជាវត្តមាននៃការដ្ឋានរាប់រយការដ្ឋាន ដែលកំពុងធ្វើការនៅកម្ពុជា”។

នាយករដ្ឋមន្ដ្រីបញ្ជាក់ថា កម្ពុជាមិនទាន់ផ្គត់ផ្គង់អ្នកបច្ចេកទេសឲ្យចិនគ្រប់គ្រាន់នោះទេ ដូច្នេះបានជាវត្តមានជនជាតិចិន នៅកម្ពុជាច្រើនក្នុងការសាងសង់។ សម្ដេចលើកជា ឧទាហរណ៍ថា ការធ្វើស្ពានមួយកន្លែង ត្រូវមានបច្ចេកទេសចិនប៉ុណ្ណា? ត្រូវបុគ្គលិកខ្មែរប៉ុណ្ណា? ដើម្បីធ្វើការងាររួមគ្នា។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មតបចំពោះជនមួយចំនួន ដែលបារម្ភ និងរិះគន់ចំពោះវត្តមាន របស់ជនជាតិនៅកម្ពុជា ដោយសម្តេចបានចោទ ជាសំណួរត្រឡប់ទៅវិញថា ប្រទេសជាច្រើនរកស៊ីជាមួយប្រទេសចិន ចុះហេតុអ្វីមកហាមឃាត់កម្ពុជា មិនឲ្យរកស៊ីជាមួយចិន?។

សម្ដេចបន្ដថា ការបារម្ភ និងរិះគន់ចំពោះការវិនិយោគរបស់ចិននៅកម្ពុជា គឺជាការច្រណែនរបស់ជនមួយចំនួន ឬប្រទេសមួយចំនួន ប៉ុណ្ណោះ ខណៈប្រទេសនោះមិនហ៊ានវិនិយោគ នៅកម្ពុជាដូចប្រទេសចិន។

សូមរំលឹកថា ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន នៅក្នុងឆ្នាំ២០១៧ បានសម្រេចលើសផែនការរហូតដល់ទៅជាង ៥ពាន់លានដុល្លារ ដោយតាមផែនការមានត្រឹម ៥ពាន់លានដុល្លារ៕

@Amapapa.News

Feature Ads