header ads

Sponsor

ពិសី

ភ្នំពេញៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េលោក ឡុង ឌីម៉ង់ បានហៅគម្រោង ធ្វើបាតុកម្មរបស់ពលករខ្មែរមួយចំនួននៅក្នុងប្រទេសកូរ៉េ ជាបាតុកម្មលើកទី២ គឺជាទឹកចុងក្រោយ និងបានព្រៀបធៀបថា ជាបាតុកម្មដូចមនុស្សជិតដាច់ខ្យល់មុននឹងស្លាប់។

ការលើកឡើងរបស់ប្រមុខការទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េនេះ បន្ទាប់ពលករកម្ពុជា ដែលដឹកនាំដោយចលនាសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េ គ្រោងធ្វើបាតុកម្មជាលើកទី២ ប្រឆំាងនិងការបោះឆ្នោតនៅកម្ពុជា នឹងថា ការបោះឆ្នោតនៅកម្ពុជាមិនត្រឹមត្រូវ សេរី យុត្តិធម៌នោះទេ ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ បាន​ឲ្យដឹងតាមសារតេឡេក្រាម នៅថ្ងៃទី១០ កក្កដា ដោយបានហៅគម្រោងបាតុកម្មរបស់ក្រុមបាតុករ ដែលគាំទ្រអតីតគណបក្សប្រឆាំងថា បាតុកម្មទឹកចុងក្រោយ ហើយបាតុកម្មនេះ មិនអាចមានការប៉ះពាល់ដល់ដំណើរការបោះឆ្នោត នៅកម្ពុជាបានឡើយ។

លោកថា រហូតមកដល់ពេលនេះ ក្រុមបាតុករ ដែលគ្រោងធ្វើបាតុកម្មមិនបានដាក់សំណើ ឬសំណូមពរ​អ្វីដល់សា្ថនទូតនោះទេ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ កម្មវិធីធ្វើបាតុកម្មរបស់ចលនាសង្គ្រោះជាតិ អត់មានពាក់ ព័ន្ធ ឬសំណូមពរអ្វីអត់មានទេ។ ការធ្វើនេះ បើតាមខ្ញុំដឹងគឺជាការធ្វើបាតុកម្មទឹកចុងក្រោយ ។ ព្រោះបើតាមការលើកឡើងរបស់ក្រុមចលនានៅបណ្តាប្រទេសមួយចំនួន ដែលពួកគេខិតខំ ជំរុញជប៉ុនកុំជួយដល់ដំណើរការបោះឆ្នោតកម្ពុជា និងប្រកាសបដិសេធលទ្ធផលបោះឆ្នោត។

យ៉ាងណាក្តីលោកទូតកម្ពុជាប្រចាំនៅកូរ៉េ អះអាងការធ្វើបាតុកម្មនេះ មិនបានប៉ះពាល់អ្វីនោះទេ សម្រាប់កម្ពុជា ពីព្រោះថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជានៅតែបន្ត។ ដំណើរការបោះឆ្នោតកំពុងទៅមុខ ហើយជិតដល់ថ្ងៃបោះឆ្នោត។ គឺព្រៀបដូចឆ្កែចេះ តែព្រួស មនុស្សចេះតែដើរ យើងដើរទៅមុខជិតដល់គោលដៅហើយ សម្រាប់ការបោះឆ្នោតអាណត្តិទី៦ នេះ។

គួររលឹកថា លោក យឹម ស៊ីណង ពលករខ្មែរ និងជាប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ត្រូវវិទ្យុអាស៊ីសេរីស្រង់សំដីផ្សាយ បានអះអាងថា ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង គ្រោងធ្វើបាតុកម្មជាលើកទី២ ដើម្បីប្រឆាំងការបោះឆ្នោតនៅកម្ពុជា និងទាមទារឲ្យស្ថានទូត ខ្មែរនៅកូរ៉េខាងត្បូង បកស្រាយអំពីការគំរាមប្រើប្រព័ន្ធតុលាការចាត់វិធានការលើពលករណា  ដែលចេញតវ៉ាពាក់ព័ន្ធ នឹងការបោះឆ្នោតនាពេលខាងមុខនេះ។

លោក យឹម ស៊ីណង ត្រូវបានវិទ្យុអាស៊ីសេរីស្រង់សំដីផ្សាយយ៉ាងដូច្នេះថា ពលករខ្មែរនៅកូរ៉េ ប្រកាសប្រឆាំងដាច់ចំពោះដំណើរការរៀបចំការបោះឆ្នោតជាតិខាងមុខនេះ ព្រោះពួកគេយល់ថា ជាការបោះឆ្នោតក្លែងក្លាយមិនមានសេរី និងយុត្តិធម៌ ត្រឹមត្រូវ។

លោក យឹម ស៊ីណន រៀបរាប់ថា បាតុកម្មលើកទី២ នេះ គ្រោងរៀបចំធ្វើនៅយប់ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា នៅមុនការបោះឆ្នោត នៅកម្ពុជាមួយថ្ងៃ។ បាតុកម្មនេះ គឺទាមទារឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតក្លែងក្លាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post