header ads

Sponsor

ពិសី

ភ្នំពេញៈ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ព្រមានដកខ្លួនចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។

អ្នកនាំពាក្យលើកឡើងបែបនេះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានព្រមានដកខ្លួនចេញពីការបោះឆ្នោតនាពេលខាងមុខ ដោយគណបក្សរបស់ខ្លួនជួបប្រទះបញ្ហាប្រឈមមួយចំនួនក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គឺអាជ្ញាធរមិនជួយសម្របសម្រួលក្បួនឃោសនា កាលពីថ្ងៃទី១០ ខែកក្កដា នៅរាជធានីភ្នំពេញ និងមានការគំរាមកំហែងដល់សកម្មជន ដែលចែកខិត្តប័ណ្ណគណបក្សនៅខេត្តបាត់ដំបង និងនៅខេត្តមណ្ឌលគិរី។

លោក ហង្ស ពុទ្ធា ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅថ្ងៃទី១៥ ខែកក្កដានេះថា “នោះជាការបញ្ចេញមតិរបស់គណបក្សនោះឯង ហើយការដកមិនដក មិនមែនមានអ្នកណាមួយសម្រេចចិត្តជំនួសទេ ប៉ុន្ដែអ្វីដែលជាចំណាប់អារម្មណ៍នោះ ខ្ញុំគិតថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គួរតែមានកិច្ចសហការប្រតិបត្តិការជាមួយនឹងអាជ្ញាធរ ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំ-សង្កាត់”។

លោកបន្ដថា គ.ប.ម ត្រូវស្នើសុំជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឲ្យបានច្បាស់លាស់នូវអ្វីដែលកើតឡើង។ លោកថា ទង្វើរបស់អាជ្ញាធរ និងទង្វើរបស់គណបក្សនយោបាយនីមួយៗ ពេលខ្លះធ្វើស្របតាមច្បាប់ ក៏ប៉ុន្ដែក៏មានចំណុចខ្លះ នៃការធ្វើនោះ ខុសទៅនឹងច្បាប់ទៅវិញដែរ។

លោក សាម អ៊ីន អ្នកនាំពាក្យ គ.ប.ម បានអះអាងថា អាជ្ញាធរមូលដ្ឋាននៅតាមបណ្ដាខេត្តមួយចំនួន មិនបានសហការជាមួយគណបក្សនោះទេ ប៉ុន្តែក្រោយមកក៏មានការសហការជាមួយបក្សវិញ ប៉ុន្តែទោះបីជាយ៉ាងណា ប្រសិនបើអាជ្ញាធរតាមមូលដ្ឋាន មិនបន្ដសហការជាមួយគណបក្សនោះទេ គឺគណបក្សនឹងដកខ្លួនចេញពីការបោះឆ្នោត។

លោកបន្តថា “បញ្ហាប្រឈមបែបហ្នឹងមានសភាពធ្ងន់ធ្ងរខ្លាំង។ យើងនឹងអាចពិចារណាក្នុងការដកខ្លួនចេញ ប៉ុន្ដែរហូតមកដល់ពេលនេះ យើងឃើញថា មានការផ្ដល់ការសហការល្អ ដូចហែនៅភ្នំពេញការពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គាត់ក៏បានសុំទោស ជារឿងចៃដន្យ ហើយគាត់ក៏បានផ្ដល់ការសហការល្អ”។

លោកបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្ដតាមដានបញ្ហាទាំងនេះដោយយកចិត្តទុកដាក់ ដូច្នេះបក្សនឹងព្យាយាមពិភាក្សាគ្នាជាមួយគណៈកម្មការបោះឆ្នោតរាជធានី-ខេត្ត ដើម្បីឲ្យជួយដោះស្រាយនៅពេលឃោសនាបោះឆ្នោត ដើម្បីងាយស្រួលឲ្យគ្នាទៅវិញទៅមក។

សូមរំឭកថា ការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ហើយគិតមកត្រឹមថ្ងៃទី១៥ ខែកក្កដានេះ មានរយៈពេល៩ថ្ងៃហើយ។ ក្នុងនោះគណបក្សនយោបាយចូលរួម២០គណបក្ស ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានលេខរៀងទី៧៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post