ភ្នំពេញៈ បុរសចំណាស់ម្នាក់ គ្មានលុយទិញម៉ូតូគ្រប់ទេ ក៏សម្រេចចិត្តបង់រំលស់យករត់ឌុប គ្រាន់បានលុយផ្គត់ផ្គង់ជីវភាពគ្រួសារ ស្រាប់តែលោកបងចោរចិត្តគ្មានអាសូរ លួចកាច់ក យកទៅបាត់។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សំ ស៊ាងអ៊ាន់ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ក្រុងសួង ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់មានជីវភាពក្រណាស់ រកមួយថ្ងៃ សម្រាប់រស់មួយថ្ងៃ ក្នុងរបរ រត់ម៉ូតូឌុប ហើយម៉ូតូនោះទៀតសោត បង់រំលស់ជាមួយក្រុមហ៊ុន នៅសល់១ឆ្នាំទៀតទើបដាច់ មកដល់ពេលនេះ មានអ្វីទីពឹងទៀត កាលបើលោកចោរ គាត់លួចយកម៉ូតូទៅបាត់ហើយ។
ម៉ូតូដែលចោរលួចបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-6410។
ក្រោយកើតហេតុ ជនរងគ្រោះ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយស្រាវជ្រាវ ។ ស្របពេលដែល សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ ប្រកាសឲ្យកម្លាំងពាក់ព័ន្ធ ក្នុងខណ្ឌ ជុំវិញ ជួយឃ្លាំមើលម៉ូតូ មួយគ្រឿងចោរលួចកាច់ក ចេញពីភូមិព្រៃទា ស្រាប់តែនៅក្នុងភូមិ ត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ភ្ញាក់ផ្អើល ឆោឡោ បន្ទាប់ពីមានជនសង្ស័យចូលលួចម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1GV-6946 ទៅបាត់ដោយសុវត្តិភាព ពោលមួយភ្លែតកើតមានចោរកម្ម លួចកាច់សោកម៉ូតូ២គ្រឿងបានសម្រេច ៕