header ads

Sponsor

ពិសី

ភ្នំពេញៈ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងស្តុកម៉ូតូ របស់ក្រុមហ៊ុនចិន១កន្លែង យីហោ បូឌីង អុីនវេសមិនខូអិលធីឌី ដែលក្លែងបន្លំម៉ាករបស់ក្រុមហ៊ុនហុងដា ដោយបានរកឃើញ ម៉ូតូចំនួនជាង៤០០គ្រឿង ព្រមទាំងសម្ភារជាច្រើនទៀត ។ 

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងទីតាំងស្តុកម៉ូតូក្រុមហ៊ុនចិន យីហោ បូឌីង អុីនវេសមិន ខូអិលធីឌី (BODING INVESTMENT Co.,Ltd.) ស្ថិតក្នុងភូមិត្រពាំងក្រសាំង ស.ក ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

តាមសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក ជ័យ រិទ្ធី ជាអនុប្រធានអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក អោក ចាន់រីណា ក្រឡាបញ្ជី និងតាមចំណារលេខ ០៥១ អ.យ.ភ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។

សមត្ថកិច្ចបញ្ជាក់ថា ឃ្លាំងស្តុក និងតម្លើងម៉ូតូយីហោ បូឌីង អុីនវេស មិខូ អិល ធី ឌី (BODING INVESTMENT Co.,Ltd.) នេះ មានម្ចាស់ទី១. ឈ្មោះ LUO YUN ភេទប្រុស ជនជាតិចិន អាយុ៤៥ឆ្នាំ ទី២.ឈ្មោះ GOU HUAJIN ភេទប្រុស ជនជាតិចិន អាយុ២០ឆ្នាំ ទី៣.ឈ្មោះ LI SHIHAI ភេទប្រុស ជនជាតិចិន អាយុ៦៧ឆ្នាំ និងទី៤.ឈ្មោះ YANH SHIFANG ភេទស្រី អាយុ៦៣ឆ្នាំ

ក្នុងប្រតិបត្តិការខាងលើនេះ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញម៉ូតូក្លែងបន្លំម៉ាក និងម៉ូឌែល ចំនួនជាង៤០០គ្រឿង ក្នុងនោះមានម៉ាក Zoomer-X ចំនួន២២៤គ្រឿង, ម៉ាក MSL-S1 ចំនួន១០០គ្រឿង, ម៉ាក Scoopy ចំនួន៣១គ្រឿង, ម៉ាក Ducati ចំនួន៣គ្រឿង, ម៉ាក Dream ចំនួន៣គ្រឿង, ម៉ូតូធំផ្សេងៗចំនួន២០គ្រឿង, តែម Zoomer-X -MSL-S1 -Scoopy -Ducati -Dream ចំនួន៤កេស, ប្រេងសម្រាប់លាយប្រេងម៉ាស៊ីន៣៦ប្រអប់ និងគ្រឿងបន្លាស់មួយចំនួន។

ក្រោយប្រតិបត្តិការបានបញ្ចប់ គណៈកម្មការខាងលើ បានដកហូតម៉ូតូចំនួន ៤គ្រឿង បួនប្រភេទ យកទៅធ្វើតេស្ត និងហៅជនជាតិចិន២នាក់ ទៅសាកសួរនាំនៅនាយកដ្ឋានជំនាញក្រសួងមហាផ្ទៃ។ ដោយឡែកឃ្លាំងខាងលើ ត្រូវបានតុលាការសម្រេចបិទជាបណ្តោះអាសន្ន រង់ចាំស្រាវជ្រាវ និងធ្វើតេស្តផលិតផលបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post