
ប៉ៃលិនៈ គ្រឿងសម្រាប់បំផ្ទុះចំនួន ១១គ្រាប់ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានជនមិនស្គាល់មុខយកទៅដាក់ចោលនៅក្រោមស្ពានមួយកន្លែង ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ប៉ុន្តែសំណាងល្អត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរកឃើញដោះយកចេញដើម្បីរក្សាសុវត្ថិភាព។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីរកឃើញរំសេវគ្រឿងផ្ទុះនេះ កើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅក្រោមស្ពានមួយកន្លែងជិតវិហារខ្មែអ៊ិស្លាម (TV 39257-21878) ក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងប្រជាការពារភូមិបានដើរល្បាតតាមមូលដ្ឋាន និងគោលដៅសំខាន់ៗរបស់ខ្លួនហើយមានប្រជាពលរដ្ឋដើររកជៅត្បូងប្រាប់ថា ប្រទះឃើញគ្រឿងផ្ទុះរួចបានរាយការណ៍ដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវភ្លាមៗ។
ក្រោយពេលទៅពិនិត្យកន្លែងដែលជនល្មើសលាក់ទុកគ្រឿងបំផ្ទុះនោះ មន្ត្រីជំនាញបានរកឃើញគីបបំផ្ទុះចំនួន ១១គ្រាប់ រំសេវបំផ្ទុះ ២ដុំតូច ខែ្សរយឺតបញ្ឆេះ ៤កំណាត់ប្រវែង ១,៧១សង់ទីម៉ែត្រ ធុងប្រេងនំសម្រាប់ដាក់គ្រឿងបំផ្ទុះ និងថង់ប្លាស្ទិកវេចខ្ចប់គ្រឿងបំផ្ទុះផងដែរ។
តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តប៉ៃលិន បានសន្និដ្ឋានថា ករណីប្រទះឃើញគ្រឿងបំផ្ទុះនៅក្រោមស្ពានក្នុងក្រុងប៉ៃលិននេះ គឺជនសង្ស័យរៀបចំផែនការណ៍ក្នុងគោលបំណងបំផ្ទុះផ្តាច់ស្ពានខាងលើក្នុងចេតនាបង្កចលាចល អសន្តិសុខក្នុងសង្គមជាពិសេសក្នុងអំឡុងពេលយុទ្ធនាការ នៃការឃោសនាបោះឆ្នោតនេះតែម្តង។
បច្ចុប្បន្នវត្ថុតាងទាំងនេះ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ហើយឧត្តមសេនីយ៍ទោ ព្រំ ចាន់ឌិន ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញត្រូវបន្តស្រាវជ្រាវ ស៊ើបអង្កេត និងត្រូវស្វែកមុខជនសង្ស័យដែលរៀបចំផែនការកម្ទេចស្ពាននេះឲ្យទាន់តែបានផងដែរ៕
