វៀតណាមៈ ក្រុមប្រជាកសិករនៅក្នុងប្រទេសវៀតណាម មានការសោកស្តាយយ៉ាងខ្លាំង ចំពោះទំហំនៃការខូចខាតរបស់ពួកគេ ដែលបង្កឡើងដោយសារព្យុះកំបុតត្បូង “សុនទិញ” ហើយដែលបានសម្លាប់មនុស្ស២នាក់ គិតមកទល់នឹងពេលនេះ។
ព្យុះទីហ្វុងទី៩ ប្រចាំឆ្នាំនេះ បានបោកបក់មកដល់ខេត្ត ង្ងេអាន ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម កាលពីយប់ថ្ងៃពុធ ក្រោយវាយប្រហារមកលើខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីព្រឹកថ្ងៃដដែលនោះ។
ព្យុះ “សុនទិញ” បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង មកលើខេត្ត ង្ងេអាន បង្កឲ្យជនលិចដំណាំកសិករលើផ្ទៃដីជាង១៤.២៨០ហិកតា។ ក្រុមប្រជាកសិករវៀតណាម មានការខកចិត្តជាខ្លាំង ពេលមើលឃើញទឹកជនលិចដីស្រែចម្ការរបស់ពួកគេបែបនេះ។
លោក ឡេ ធី ឡូន គឺជាកសិករមួយរូប បាននិយាយថា មេឃពិតជាភ្លៀងខ្លាំងណាស់។ វាទើបមានរយៈពេល១ខែប៉ុណ្ណោះ ដែលពួកយើងបានដាំដំណាំ តែឥឡូវត្រូវទឹកជន់លិចគ្មានសល់ ហើយបច្ចុប្បន្នពួកយើងនឹងចាប់ផ្តើមដាំវាឡើងវិញ ដោយចាប់ផ្តើមពីចំណុចសូន្យ។
ដោយសារតែភ្លៀងធ្លាក់ខ្លាំងនេះដែរ ជើងហោះហើរជាច្រើនវ៉ុល រវាងទីក្រុងថាញ់ ហយ និងទីក្រុងវិញ ត្រូវបានលុបចោល ហើយការចរាចរតាមផ្លូវជាតិ ក៏ត្រូវបានអាក់ខានផងដែរ៕