កំពង់ចាមៈ រថយន្តឡិសស៊ីសមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅជាមួយម៉ូតូហុងដា សេ១១០ ពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ ម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកខាងលិចមហោស្រព លើវិថីត្រសក់ផ្អែម និងវិថីខេមរភូមិន្ទស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-0417 បើកបរដោយឈ្មោះ ប៊ូ ទុំ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកហុងដា សេ110 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1Q-3752 បើកបរដោយយុវជន២នាក់ ពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យស្លាប់១ របួសធ្ងន់១។
សមត្ថកិច្ច បន្តថា យុវជនរងគ្រោះទី១ ឈ្មោះ វ៉េត វៃ អាយុ១៦ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម (អ្នកបើកបរម៉ូរូស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ)។ អ្នករួមដំណើរឈ្មោះ សឿន ឧត្តម ហៅ ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម របួសធ្ងន់។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានយកម៉ូតូនិងរថយន្ត មករក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសាកសព ក្រុមគ្រួសារ បានយកទៅធ្វើបុណ្យតាមប្រពៃណី៕