header ads

Sponsor

ពិសី

ភ្នំពេញៈ​ យុវជនពីរ​នាក់ ចង់សប្បាយ​ បានលួចរថយន្តដឹកកម្មកររបស់ពូ បើកដើរលេង ​បើកលឿនពេកជ្រុលទៅបុកដើមឈើក្រឡាប់ផ្ញារជើង របួសធ្ងន់ម្នាក់ ស្រាលម្នាក់​។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង​២នឹង​៣០នាទី​រសៀលថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៨​ ស្ថិតតាមបណ្តោយផ្លូវទំនង៧មករា​ ភូមិទឹកថ្លា​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាមសម្តីពូរបស់យុវជនទាំងពីរនាក់ខាងលើនេះ បាននិយាយរៀបរាប់ថា​ ដោយ​សារតែផ្ទះរបស់គាត់ត្រូវទឹកលិច​ ហេតុនេះគាត់បានយករថយន្តម៉ាកកូរ៉េ​ មួយតោនកន្លះ​ យកមកផ្ញើផ្ទះបងនៅភូមិក្រាយស្វាយ​ លុះដល់ម៉ោងកើតហេតុ គេតេមកប្រាប់គាត់ថា រថយន្តរបស់ខ្លួនត្រូវក្មួយលួចយកទៅជិះដើរលេង ហើយជួបគ្រោះថ្នាក់ចរាចរណ៍ខ្ទេចអស់ហើយ។

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា​ មុនពេលកើតហេតុ គេឃើញយុវជនទាំងពីរនាក់ បើករថយន្តកូរ៉េមួយគ្រឿង​ យ៉ាងលឿនតាមបណ្តោយផ្លូវ​ទំនប់៧មករា​ ឆ្ពោះពីផ្លូវជាតិលេខ៣ ឡើងទៅផ្លូវចំការដូង​ លុះមកដល់ចំណុចខាងលើក៏រេចង្កូតមកឆ្វេងដៃជ្រុលបុកដើមកាស្សាបាក់អស់មួយដើម​ ហើយរថយន្តក្រឡាប់ផ្ងារជើងគៀបជាប់នឹងគល់ឈើ​ ចំណែកយុវជនអ្នកបើករថយន្តរងរបួសបាក់ភ្លៅម្ខាង​ នឹងម្នាក់ទៀតរងរបួសស្រាល​។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តត្រូវបានក្រុមសាច់ញាតិស្ទូចយកទៅជួសជុលដោយខ្លួន​ឯង​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post