
ភ្នំពេញៈ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា អគ្គស្នងការនគរបាលជាតិ បានហៅម្ចាស់រថយន្តដែលពាក់ស្លាកលេខនគរបាល មកធ្វើការអប់រំ និងដាក់វិន័យរួចហើយ ក្រោយពីម្ចាស់រថយន្តរូបនេះ បានយករថយន្តដែលហាមឃាត់បិទស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជានោះ ហើយការអនុវត្តនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបុគ្គលនេះ បានយករថយន្តស្លាក់លេខនគរបាលបិទស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ទៅដង្ហែគណបក្ស ក៏មានការរិះគន់ជាច្រើនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនានានោះ ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ចំពោះមធ្យោបាយធ្វើដំណើរដែលជាសម្បត្តិរបស់រដ្ឋ មិនអាចចូលរួមហែក្បួនឃោសនាបោះឆ្នោតនោះទេ ដោយឡែក តែរថយន្តស្លាកលេខរដ្ឋសភា និងរថយន្តពាក់ស្លាកលេខព្រឹទ្ធសភា គឺអាចចូលរួមហែក្បួនឃោសនាបោះឆ្នោតបាន។ លោកបានបញ្ជាក់ដែរថា ចំពោះរថយន្តពាក់ស្លាកលេខរដ្ឋសភា-ព្រឹទ្ធសភា អាចយកទៅហែក្បួនឃោសនាបោះឆ្នោតបាន ដែលមួយរយៈកន្លងមក មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មានការយល់ច្រឡំថា រថយន្តពាក់ស្លាកលេខរដ្ឋសភា-ព្រឹទ្ធសភា មិនអាចយកទៅហែក្បួនឃោសនាបោះឆ្នោតបាន ។
យោងតាមច្បាប់ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ត្រង់ប្រការ ៧.៤.១បានចែងថា ហាមប្រើប្រាស់ថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ និងហាមប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត។ ប្រការ ៧.៤.២ មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរដ្ឋ ត្រូវបានកំណត់ដូចជា រថយន្ត ទោចក្រយានយន្ត និងជលយានគ្រប់ប្រភេទ ដែលប្រើប្រាស់ស្លាកលលេខរាជការ ឬនិងរដ្ឋ នគរបាល ខេមរភូមិន្ទ និងរាជរដ្ឋាភិបាល៕
