header ads

Sponsor

ពិសី

ភ្នំពេញៈ រថយន្តធុនយក្សដឹកផ្លែឈើ បើកបរក្នុងល្បឿនលឿន និងសង្ស័យតៃកុងងោកមួយភាំង បានបោលបុករថយន្តធុនយក្សដឹកពងទា ហើយក្រឡាប់កាត់ទទឹងផ្លូវ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងរង្វង់មូលនាងបីគួរស្រូវ ប្រហែលចម្ងាយ២០០ម៉ែត្រ ពីហាងកាហ្វេ Amazon ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា ដំបូងឡើយ គេឃើញបុរសម្នាក់ រួមដំណើរបុរសម្នាក់ទៀត ជាព្រូឡាន បានបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ដឹកផ្លែឈើពេញទ្រុង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6081 បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ សង្ស័យតៃកុងរថយន្តងោកមួយភាំង ទើបរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ៣តោនកន្លះ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8449 ដែលដឹកកញ្ច្រែងសម្រាប់ដាក់ពងទា កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ២ ទិសដៅពីជើងទៅត្បូងបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់រថយន្តទាំង២ ដាច់កង់ខាងមុខទាំងសងខាង។

បើតាមប្រភព បានបញ្ជាក់ថា រថយន្តទាំង២ បានរងការខូចខាតផ្នែកខាងមុខខ្ទេចម៉ត់មើលលែងយល់តែម្ដង ខណៈរថយន្តចំណុះ៣តោនកន្លះ ក្រឡាប់ផ្ទប់ទៅនឹងដើមប្រេងខ្យល់ បណ្ដាលឲ្យមនុស្ស៣នាក់ ស្រីម្នាក់ ត្រូវរងរបួសធ្ងន់ស្រាល ហើយភ្លាមៗក៏មានរថយន្តសង្រ្គោះទៅដឹកយកមកមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញក្រុង មកវាស់វែង និងស្ទួចយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post