យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និងធ្លាក់ខ្លួនឈឺជិត៥០នាក់ បណ្តាលមកពីពុលស្រាស នៅក្នុងពិធីបុណ្យសពអ្នកភូមិមួយកន្លែង ស្ថិតនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។
សាក្សីបានឱ្យដឹងថា ពួកគាត់បានចូលរួមបុណ្យសពនៅភូមិឃុំកើតហេតុ ហើយនាំគ្នាផឹកស្រាស ស្រាថ្នាំ បន្ទាប់មកក៏មានអាការៈធីងធូង វិលមុខ ណែនដើមទ្រូង ស្រវាំងភ្នែក ឈឺក្បាល។ អ្នកដែលធ្លាក់ខ្លួនឈឺ៤៨នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្នួល។
នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នេះ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីមនុស្សស្លាប់២នាក់ និងធ្លាក់ខ្លួនជិត៥០នាក់ នៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ តាមរោគសញ្ញាជាការពុលស្រាសប្រាកដមែន។
តែទោះជាយ៉ាងណា វត្ថុវិភាគត្រូវបានមន្រ្តីជំនាញ បានយកមកពិសោធន៍នៅមន្ទីរពិសោធន៍ថ្នាក់ជាតិហើយ ដើម្បីបញ្ជាក់កាន់តែច្បាស់។
លោក លី សវុណ្ណ បានបញ្ជាក់ថា តាមលទ្ធផលរបស់មន្រ្តីជំនាញ រោគសញ្ញាជំងឺជារោគសញ្ញាពុលជាតិ មេតាណុល(Methanol) ពិតជាពុលស្រាស។
ពាក់ព័ន្ធករណីនេះលោក គង់ គឹមនី អភិបាលស្រុកស្នួល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺបានធូរស្រាល និងបានចេញពីមន្ទីរពេទ្យជាបណ្ដើរៗហើយ នៅសល់តែ២៥នាក់ប៉ុណ្ណោះដែលបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។