
ភ្នំពេញៈ ជាថ្មីម្ដងទៀតលោក សេង លាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការតាមការស្នើសុំរបស់មេធាវីការពារឱ្យជនជាប់ចោទជនជាតិអូស្ត្រាលី ដែលពាក់ព័ន្ធនឹងការបង្ហោះដ្រូន ដើម្បីប្រមូលផ្តុំព័តមានក្នុងតំបន់ហាមឃាត់ ហើយសវនាការលើកក្រោយនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ខាងមុខ។
ការលើកពេលសវនាការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ខណៈពេលមេធាវីការពារជនជាប់ចោទ បានស្នើសុំដោយផ្ទាល់ក្នុងបន្ទប់សវនាការ។
មេធាវីការពារឲ្យជនជាប់ចោទ បានលើកឡើងថា លោកបានទទួលការពឹងពាក់ឱ្យជួយការពារក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌ តែមានរយៈពេលខ្លីក្នុងការសិក្សាសំណុំរឿង ហើយមានពេលតិចតួចដើម្បី ពិភាក្សាជាមួយកូនក្តី។ ដូច្នេះពេល វេលាមិនគ្រប់គ្រាន់ មានតែសុំពន្យា ពេលរយៈពេលមួយខែទៀត ។
បុរសជនជាតិអូស្រ្តាលី ឈ្មោះ Jame Ricketson អាយុ៦៨ឆ្នាំ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងចោទប្រកាន់ ពីបទប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំ ដើម្បី ផ្តល់ព័ត៌មាន វិទ្យា ឬសលាកបត្រដែល អាចធ្វើឲ្យអន្តរាយ ការការពារជាតិ តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
បុរសជនជាតិអូស្រ្តាលីម្នាក់នេះ បានបង្ហោះដ្រូន ពីលើអាកាស កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ តែត្រូវបានសមត្តកិច្ចនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី ផែនអន្តោប្រវេសន៍ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនមកដល់បច្ចុប្បន្នមានរយះពេលជាង១ឆ្នាំហើយមិនទាន់បានកាត់ទោសសោះដោយសារជនជាប់ចោទសុំពន្យារពេល និងផ្លាស់ប្ដូរមេធាវីជាបន្តបន្ទាប់៕