header ads

Sponsor

រិទ្ធី

នាព្រឹកថ្ងៃចន្ទ ទី០៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានប្រកាសថា៖ ឯកឧត្តមផ្ទាល់ និងលោកជំទាវ ចាប់ពីពេលនេះតទៅ នឹងបរិច្ចាគថវិកាក្នុងមួយឆ្នាំចំនួន២ម៉ឺនដុល្លារអាមេរិក អស់មួយជីវិត ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។

​លោក អ៊ូ ព្រំវីរៈ អគ្គនាយករងកិច្ចការទូទៅ និងជាប្រធានក្រុមការងារគៀងគរនិងទទួលថវិកាសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា៖ រយៈពេល២៤​ថ្ងៃ ក្រុមការងារទទួលបានថវិកាដែលបានមកពីការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសប្បុរសជននានារួមមានអាជីវករនៅតាមបណ្តា រាជធានី-ខេត្ត រួមទាំងអនិកជនខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក បានចំនួនទឹកប្រាក់សរុបជិត ២០០លានរៀល មានប្រាក់រៀលចំនួន ១០៧,៩៩៥,៤០០រៀល និងប្រាក់ដុល្លារ​ចំនួន២២,៤៧៨ ដុល្លារអាមេរិក។

ក្នុងនោះថវិកាបរិច្ចាគពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ ចំនួន ២ម៉ឺនដុល្លារអាមេរិក​។
​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ថា៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ជនជាតិស្វីស បានចំណាយពេលវេលានៃជីវិតរបស់លោកប្រមាណ១ភាគ៣ នៅជាមួយការការសង្រ្គោះកុមារនៅកម្ពុជា រហូតដល់បច្ចុប្បន្ន គាត់មានវ័យចាស់និងជម្ងឺប្រចាំកាយទៀតផង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍បន្ថែមទៀតថា៖ យើងជាជនជាតិខ្មែរដូចគ្នា យើងមិនគួរ ស្ទាក់ស្ទើរក្នុងការបរិច្ចាគថវិកាចូលមូលនិធិ ទោះតិចក្តី ច្រើនក្តី ដើម្បីជួយដល់ជីវិតកុមារកម្ពុជា ដែលជាសរសរទ្រូងរឹងមាំនៃ ប្រទេសជាតិនាពេលអនាគត និងសូមឲ្យការ ចូលរួមបរិច្ចាគមូលនិធិគន្ធបុប្ផាកម្ពុជា ដែលគាំទ្រពេញទំហឹងដោយសម្តេចប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្លាយជាចលនារួម ក្នុងន័យខ្មែរ ជួយខ្មែរ និងអនាគត នៃប្រទេសជាតិ ។

មូលនិធិគន្ធបុប្ផា ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកាលពីថ្ងៃទី១១ ខែ មេសា​ឆ្នាំ២០១៨។

សូមរំលឹកថា មន្ទីរពេទ្យគន្ធបុប្ផាទី១បានចាប់ផ្តើមបើកសម្ពាធជាផ្លូវការកាលពី​ខែកញ្ញា ឆ្នាំ១៩៩២ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់អតីតព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហមុនី ព្រះបរមរតនកោដ្ឋ។ ក្នុងរយៈពេល២៥ ឆ្នាំកន្លងមកនេះ មូលនិធិគន្ធបុប្ផា ដែលមានម្ចាស់ស្ថាបនិកគឺ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ជនជាតិស្វីស មន្ទីរពេទ្យត្រូវបានពង្រីកទីតាំងបានចំនួន០៥សាខា។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post