header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសជនជាតិចិនពីរនាក់ ចេញពីហាងផឹកស៊ី ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូឌុបគ្នា ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកចំពីមុខរថយន្តដឹកត្រីពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់

គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង៣៖១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខស៊េរីចាស់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ហើយមកដល់ចំណុចកើតហេតុមិនបានបន្ថយល្បឿន ក៏បានបត់ឆ្វេងឆ្លងផ្លូវទៅជើង មិនប្រយ័ត្ន ស្របពេលនោះក៏មានរថយន្តកូរ៉េ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2392 ដឹកត្រី ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដូចគ្នា ក៏បានបុកចំពីមុខរថយន្តពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។  ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះទៅកាន់មន្ទីរពេទ្យឯកជន។ ចំណែករថយន្ត និងម៉ូតូ រងការខូចខាតផ្នែកខាងមុខដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ហើយទំនាក់ទំនងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post