header ads

Sponsor

ពិសី

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ក្រោយពេលបង្ក្រាបទីតាំង ដែលក្រុមឧក្រិដ្ឋជនផលិត និងជួញដូរគ្រឿង នៅកណ្តាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ៣ នាក់ និងដកហូតថ្នាំញៀនសរុបជាង២៦គីឡូក្រាម ហើយបានកំណត់ព្រឹកថ្ងៃទី៩ កក្កដា នឹងប្រគល់ឲ្យទៅសមត្ថកិច្ចស្ទឹងត្រែងចាត់ការតាមផ្លូវច្បាប់ ព្រោះនេះជាសមាជិក្រុម១២០គីឡូក្រាមចាប់នៅនោះ​ ។

ជនសង្ស័យ៣ នាក់នេះ ១.ឈ្មោះ សៀន ខួច ភេទប្រុស អាយុ៣២ឆ្នាំ ២.ឈ្មោះ យិន ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ និង ៣.ឈ្មោះ សុខ សុឡា ភេទប្រុស អាយុ ២៧ឆ្នាំ ពួកស្នាក់នៅកន្លែងសមត្ថកិច្ច ចុះទៅឆែកឆេរលំនៅដ្ឋានលេខ១០៥ ផ្លូវលេខ៦ ក្នុងបុរីពិភពថ្មី សង្កាត់កន្ទោត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ៣នាក់ នឹងថ្នាំញៀនជាង២៦គីឡូក្រាមនោះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានប្រគល់ឲ្យទៅលោកវរសេនីយ៍ឯក គង់ គឹមស្រ៊ុន ស្នងការរងខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងមួយក្រុមមកទទួលយក ដោយក្រោមការឯកភាព និងបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការប្រឹក្សាពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានថ្លែងឲ្យដឹងថា ជនសង្ស័យ៣នាក់ និង ថ្នាំញៀនជាង២៦គីឡូក្រាមនេះ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ទទួលការិយាល័យទី៥ និង លោកឧត្តមសេនីយ៍ត្រី សារី បុត្រសត្យា អនុប្រធានមន្ទីរដូចគ្នាទទួលការិយាល័យទី៣ ក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង និងលោក សៀង សុខ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ ដែលបានឲ្យកម្លាំងជំនាញបន្តការស្រាវជ្រាវ វែកមុខសញ្ញាពាក់ព័ន្ធ និងមេក្លោងនៅពីក្រោយខ្នង ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន១២០គីឡូក្រាម បង្ក្រាបកាលពីថ្ងៃទី២៦ មិថុនា ២០១៨ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង នោះ ។

លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចសហការចាប់ខ្លួនជនសង្ស័យ និងថ្នាំញៀនជា១២០គីឡូក្រាមនៅខេត្តស្ទឹងត្រែង កម្លាំងជំនាញរបស់លោក២ការិយាល័យ បានបន្តការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ នៅក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ កណ្តាលរាជធានីភ្នំពេញ ដែលជាកន្លែងលួចលាក់ផលិតដឹកចេញដឹកចូលនូវសារធាតុញៀនដោយខុសច្បាប់ ។

ក្រោយចាប់ខ្លួនឧក្រិដ្ឋជនជាជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចប្រហាក់ប្រហែលគ្នាថា ពួកគេ៣នាក់ ត្រូវបានមេក្លោងម្នាក់ ដែលបាននឹងកំពុងរត់គេចខ្លួនចាត់តាំង និងជួលផ្ទះឲ្យគេស្នាក់នៅ និងបើកធ្វើជាក្រុមហ៊ុនមួយឈ្មោះថា សូឡាសាន់ នាំចូលលក់ចេញនូវគ្រឿងបរិក្ខាអគ្គិសនី និងដឹកជញ្ជូន ដែលមានអាស័យដ្ឋានផ្ទះលេខ១២A ផ្លូវ២០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្លាកយីហោក្រុមហ៊ុននោះ គ្រាន់តែជាការបិទបាំងភ្នែកច្រមុះរបស់សមត្ថកិច្ចទេ ប៉ុន្តែធាតុពិតគ្រឿងក្នុង គឺជាការចាត់ចែងពាក់ព័ន្ធករណីផលិត នាំចេញនាំចូលនូវសារធាតុញៀនដោយខុសច្បាប់ ។

ជនសង្ស័យបានបន្តថា ដូចជាឈ្មោះ សុខ សុឡា ត្រូវបានមេក្លោងចាត់តាំងឱ្យធ្វើជាមេការរង មើលការងារខុសត្រូវក្នុងក្រុមហ៊ុន ដើម្បីទទួលភ្ញៀវ ។ ជនសង្ស័យឈ្មោះ សៀន ខួច ជាអ្នករង់ចាំបទបញ្ជាពីមេក្លោងឲ្យទៅទទួលយកថ្នាំញៀន ពីឈ្មួលកណ្តាលដែលនាំចូលមកពីប្រទេសឡាវ ។ ចំណែកជនសង្ស័យឈ្មោះ ឃិន ម៉ាប់ មានមុខងារពីមេឲ្យនាំចេញនូវសារធាតុញៀនពីទីតាំងផលិត យកទៅប្រគល់ឲ្យម៉ូយ ដែលខ្លះដឹកជញ្ជូនចេញទៅក្រៅប្រទេស និងខ្លះយកចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជា តាមតែបទបញ្ជាមេក្លោងប្រើ ក្រៅពីនេះឈ្មោះ សៀន ខួច និង ឈ្មោះ ឃិន ម៉ាប់ ក៏មានជំនាញផលិត និង កែច្នៃ​ថ្នាំញៀនដែរ។

ចម្លើយសារភាពបន្តថា ពួកគេគ្រាន់តែជាមនុស្សសម្រាប់មេក្លោងប្រើ រីឯលុយកាក់មិនមានធូរធារទេ បានប្រាក់ខែម៉ារស់ ។ ចំណែកមេក្លោងមានប្រាក់កប់ពពក ដែលប្រកមមុខរបរផលិត និងជួញដូរគ្រឿងញៀនឆ្លងដែនទៅក្រៅ និងក្នុងប្រទេនេះច្រើនឆ្នាំហើយ ហើយបើតាមពួកគេដឹង ក្នុង១ខែនាំចេញមិនក្រោយពី៣០០គីឡូក្រាមទេ  ដែលមេក្លោងរូបនោះក៏មានប្រវត្តិធ្លាប់ជាប់គុកដែរ ។

លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី បញ្ជាក់ថា ទីតាំង និង ឧបករណ៍ផលិតគ្រឿងញៀនដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្លុំបេចាក់សោទុកជាបណ្តោះអាសន្ន និង បន្តស្វែងរកចាប់ខ្លួនមេក្លោង ដែលបានដឹងពីអត្តសញ្ញាណរួចហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post