
ភ្នំពេញៈ ស្រ្តីសង្ស័យម្នាក់ បានធ្វើសកម្មភាពកុំព្យូទ័រឡែបថបម៉ាក APPLE មួយគ្រឿង បានរយៈពេល២ថ្ងៃ តេទូរស័ព្ទទៅម្ចាស់កុំព្យូទ័រ ឲ្យវេរលុយ៩០ដុល្លារ ទើបរូបគេឲ្យកុំព្យូទ័រ ចុងក្រោយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នៅចំណុចសួនច្បារ ក្ដាន់ពីរ មុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៧០ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ស្រ្តីជនសង្ស័យ ឈ្មោះ ដា នី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១៥៥ ផ្លូវ លេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាម្ចាស់កុំព្យូទ័រឈ្មោះ ជូ ចន្ទសុសេដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ ស្នាក់នៅបន្ទប់ជួលលេខ១២ នៃផ្ទះលេខ៣៤ ផ្លូវរថភ្លើង ក្រុមទី៦០ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


សមត្ថកិច្ច បានឱ្យដឹងថា នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៩ កក្កដា ជនរងគ្រោះបានទុកកុំព្យួទ័រ នៅក្នុងបន្ទប់ ហើយបានទៅធ្វើការនៅម្ដុំសន្ធរម៉ុក លុះជនរគ្រោះត្រឡប់មកពីធ្វើការវិញ ស្រាប់តែឃើញជនសង្ស័យ កាន់ថង់ផ្លាកស្ទិកខ្មៅ ដោយកាន់ចេញមកក្រៅ ដោយមិនចាប់អារម្មណ៍ តែដល់ពេលមកដល់បន្ទប់ ក៏ស្រាប់តែបាត់កុំព្យូទ័រ រួចជនរងគ្រោះក៏ស្រែកឆោឡោ តែគ្មានរកតម្រុងឃើញទាល់តែសោះ។

សមត្ថកិច្ច បានបន្តថា ប៉ុន្តែលុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០៖៣០នាទី ជនសង្ស័យបានទូរស័ព្ទ មកជនរងគ្រោះថា ឲ្យយកលុយចំនួន៩០$(កៅសិបដុល្លារអាមេរិក) មកឲ្យខ្លួន ទើបរូបខ្លួន(ជនសង្ស័យ) យកកុំព្យូទ័រមកឲ្យវិញ ហើយជនរងគ្រោះបានប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ព្រមទាំងណាត់ជាមួយជនសង្ស័យនៅម្ដុំសួនច្បារមុខក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពេលឃើញជនសង្ស័យភ្លាម កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ រួមនិងចាប់យកវត្ថុតាង (កុំព្យូទ័ររបស់ជនរងគ្រោះ ) រួចប្រគល់ជូនជនរគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
