ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សម្ដេចមានសេក្ដីរំភើបជាខ្លាំង ពេលដែលបានឃើញប្រជាពលរដ្ឋខ្មែរ មានភាពសស្រាក់សស្រាំគ្រប់ៗគ្នា ចាប់តាំងពីទីក្រុងដល់ជនបទ ដោយមានទឹកមុខសប្បាយរីករាយ រង់ចាំថ្ងៃដ៏សំខាន់បំផុត សម្រាប់ប្រទេសជាតិ ដែលនឹងមកដល់ឆាប់ៗក្នុងខែកក្កដានេះ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ថា ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ គឺនឹងមកដល់នៅថ្ងៃសៅរ៍ទី ៧ ខែកក្កដានេះ។ រីឯចំពោះគណបក្សប្រជាជនវិញ បានធ្វើការប្រារព្ធខួបកំណើតបក្ស លើកទី៦៧ ក៏នឹងប្រារព្ធធ្វើនៅថ្ងៃសៅរ៍ខាងមុខនេះដែរ។ តើបងប្អូនបានរៀបចំនិងត្រៀមខ្លួនហើយឬនៅ?
សម្ដេចតេជោ ថា "ខ្ញុំរំភើបនឹងសប្បាយរីករាយជាខ្លាំង ពេលដែលបានឃើញជនរួមជាតិ និងក្មួយៗ សស្រាក់សស្រាំគ្រប់ៗគ្នា ចាប់តាំងពីទីក្រុងដល់ជនបទ ដោយទឹកមុខសប្បាយរីករាយ រង់ចាំថ្ងៃដ៏សំខាន់បំផុត សម្រាប់ប្រទេសជាតិ ដែលនឹងមកដល់ឆាប់ៗក្នុងខែកក្កដានេះ។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីប្រទេសជាតិយើងទាំងអស់គ្នា" ។
សម្ដេចបញ្ជាក់ថា ជម្រើសដ៏ល្អបំផុត គឺសូមបងប្អូនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ៕
