header ads

Sponsor

ពិសី

ភ្នំពេញៈ ខណៈការបោះឆ្នោតនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP USA) បានជំរុញឲ្យសភាអាមរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មី មកលើកម្ពុជា ។

ការជំរុញរបស់អតីតមន្រ្តីបក្សប្រឆាំងនេះ ត្រូវបានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ លោក កឹម សុខា ដែលជាអតីតមេបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ នៅត្រពាំងផ្លុវ ខេត្តត្បូងឃ្មុំ ។

ហ្វេសប៊ុករបស់អតីតមេបក្សប្រឆាំង បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ថា “ថ្នាក់ដឹកនាំសាខាគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ដែលមានលោក ផាន ប្រាក់ លោក វ៉ា សាម៉ន លោក សុខ សុផាត និងលោក រាជ សុគុណ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសភាអាមេរិក លោក Ed Royce លោក Ted Yoho និងលោក Alan Lowenthal ដើម្បីជំរុញសភាសហរដ្ឋអាមេរិកឲ្យអនុម័តច្បាប់ទណ្ឌកម្មថ្មី The Cambodia Democracy Act ឲ្យបានមុនការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា” ។

ហ្វេសប៊ុករបស់អតីតមេបក្សប្រឆាំង បានឲ្យដឹងទៀតថា រដ្ឋាភិបាលអាមេរិកបន្ថែមឈ្មោះជនរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចូលក្នុងបញ្ជី Specially Designated Nationals List ដោយប្រើច្បាប់ដែលមានស្រាប់ Global Magnitsky Act ។ ក្រសួងពាណិជ្ជកម្មអាមេរិក បានឲ្យបើកការស៊ើបអង្កេតទៅលើកម្មវិធីអនុគ្រោះពន្ធមកកម្ពុជា ដើម្បីជំរុញឲ្យកម្ពុជាគោរពគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។

តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ទោះជាអតីតបក្សប្រឆាំងខំប្រឹងស្នើទៅសភាអាមេរិកលើបញ្ហាណាមួយ ក៏អត់មានប្រយោជន៍ដែរ ព្រោះរយៈពេលច្រើនឆ្នាំហើយ ដែលអតីតបក្សប្រឆាំងជាក្រុមឧទ្ទាមក្រៅច្បាប់ខំប្រឹងធ្វើសកម្មភាព ដើម្បីឲ្យប្រទេសនេះជួយ តែអាមេរិកមិនមានការឈឺឆ្អាលឡើយ ។

លោកថា ទោះបីអាមេរិកចង់ធ្វើអ្វីមួយមកលើកម្ពុជា យ៉ាងច្រើនយ៉ាងណាក៏ដោយនោះ គឺធ្វើបានត្រឹមតែបិទប្រព័ន្ធអនុគ្រោះពន្ធនាំទំនិញចូលទៅអាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែការបិទនោះ មិនងាយទេ ព្រោះមិនមែនជារឿងងាយស្រួលដោយសារអង្គការអន្តរជាតិ ខាងការងារ(ILO) បានទទួលស្គាល់ ចំពោះលក្ខខណ្ឌការងារនៅកម្ពុជាថា មានលក្ខណៈល្អប្រសើរអាចទទួលយកបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post