header ads

Sponsor

ពិសី

ភ្នំពេញៈ សាកសពបុរសម្នាក់ ដែលដឹកដៃកូនទៅលោតទឹកពីលើស្ពានជ្រោយចង្វារ ទាំងព្រឹកព្រលឹមកាលពី២ថ្ងៃមុន ត្រូវបានគេប្រទះឃើញអណ្តែតទឹក និងបានស្រង់មកលើគោកហើយ នៅវេលាម៉ោង៦យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ លី ទៀង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទឹកអំពៅ នៅផ្ទះជួលម្តុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះមានកូនឈ្មោះ ហង្ស លីហ្សា ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយឪពុក។

ម្តាយបង្កើតរបស់ជនរងគ្រោះ ប្រាប់ឲ្យ​ភ្នាក់ងារ​ CAM POST ដឹងថា នៅយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ រូបគាត់បាននិយាយទៅកូនថា បើលក់ទឹកអំពៅមិនដាច់ទេ កូនឈប់លក់ទៅ នៅផ្ទះដាំបាយឲ្យកូនស៊ី និងនាំកូនទៅរៀនទៅបានហើយ។ គាត់បន្តថា ក្នុងមួយយប់ទល់ភ្លឺ កូនរបស់គាត់ បានបើកភ្លើងចោលរហូតរូបគាត់មិនចាប់អារម្មណ៍នោះទេ។ ទើបដល់ម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា រូបគាត់បានងើបពីដេក ហើយក៏ហៅកូនឲ្យបិទទ្វារទៅផ្សារ កូនរបស់គាត់បានឆ្លើយថា ចាំបន្តិចទៅនោះមួយភ្លេតសិន ហើយក៏ដឹកដៃកូនចេញទៅបាត់ ហើយរហូតដល់វេលាម៉ោងជាង៧ព្រឹកថ្ងៃដដែល ទើបមានការភ្ញាក់ផ្អើលដឹងថា កូនរបស់គាត់លោតទឹកពីលើស្ពានជ្រោយងចង្វារ បំណងបញ្ចប់ជីវិតជាមួយកូនស្រីរបស់គេ។

ដោយឡែក កូនស្រីឈ្មោះ លីហ្សា បាននិយាយនៅថ្ងៃកើតហេតុនោះថា បុរសជាឪពុកបាននិយាយកុហកថា នាំមកហាត់ប្រាណ តែបែរជានាំមកលោតទឹកពីលើស្ពានទៅវិញ។ នាងថា ម្ដាយបានយកប្ដីថ្មី ហើយធ្វើការជាកម្មការិនីរោងចក្រ រស់នៅម្តុំផ្សារសិនជូរី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបឪពុកខូចចិត្តសម្លាប់ខ្លួនបែបនេះ។

បើតាមសមត្ថកិច្ច ពេលបុរសរងគ្រោះនាំកូនមកដល់លើស្ពានជ្រោយចង្វារ គេក៏បីកូនលោតចុះទៅក្នុងទឹក តែពេលនោះ ក៏មានទូកនេសាទជនជាតិឥស្លាមបានមកស្រង់ក្មេងស្រីឲ្យរួចផុតជីវិត ខណៈឪពុកបានលិចបាត់ឆឹងតែម្ដង។ រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦យប់ ទើបប្រទះឃើញសាកសពអណ្ដែតឡើង។

បច្ចុប្បន្ន សាកសពបុរសរងគ្រោះខាងលើ ត្រូវបានម្ដាយដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post