header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រមាខ្មែរដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា GOGO Cambodia ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» ដែលរួមគ្នាត្បាញអស់រយៈពេលជាង៥ខែកន្លងមកនេះ ត្រូវបានប្រកាសជាប់ជាឯតទគ្គកម្មជាក្រមាវែងជាងគេនៅលើពិភពលោក WORLD GUINESS RECORD ។

ការប្រកាសជាផ្លូវការនូវក្រមាវែងជាងគេនៅលើពិភពលោករបស់កម្ពុជា WORLD GUINESS RECORDនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីមហាជនប្រមាណ៣ម៉ឺននាក់ទៀតផងដែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថាខ្មែរអាចធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ ការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញ ហើយក្នុងនោះនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានចូលរួមត្បាញក្រមានេះផងដែរ។

បន្ទាប់ពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការមួយនេះ បានសម្រេចឲ្យក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេជាមួយនឹងសម្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងយ៉ាងកងរំពង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ចំពោះសមិទ្ធផលថ្មីមួយដែលពលរដ្ឋខ្មែររួមគ្នាសម្រេចបាននេះ ដែលនេះជាមោទនភាព ជាកិត្តិយសជាតិថ្មីមួយទៀត​ ដែលពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើង។

ក្នុងឱកាសនៃការប្រកាសពីលទ្ធផលដ៏មានមោទនៈភាពនេះ លោក ហ៊ុន ម៉ានី មានមានប្រសាសន៍លើកឡើងថា ក្រមានេះមានប្រវែង ១១៤៩,៨ម៉ែត្រ ដោយចូលរួមត្បាញពីមនុស្សអាយុចាប់ពី៤ឆ្នាំ ដល់អាយុ៨៤ឆ្នាំ និងមានចំនួនអ្នកចូលរួមត្បាញដោយផ្ទាល់ដៃចំនួនជាង៣០ម៉ឺននាក់មកពីទូទាំងប្រទេស ដែលនេះបង្ហាញពីសាមគ្គីភាពរបស់យើងទាំងអស់គ្នា បង្កើតឲ្យមានស្នាដៃដ៏អស្ចារ្យនេះឡើង។

លោកបានបញ្ជាក់ថា ការត្បាញក្រមានេះ ត្រូវបានសម្តេចម៉ែ យាងត្បាញមុនគេ និងបន្តបន្ទាប់មកទៀតមានសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

សូមជម្រាប​ថា យុទ្ធនាការក្រមា «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗ៣ រួមមាន ទី១.)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ទី២.)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ និងទី៣.)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post