កណ្តាលៈ បុរសម្នាក់ និងមិត្តភក្តិជាច្រើននាក់ទៀត នាំគ្នាទៅលេងទឹកហូរកាត់ផ្លូវចំណុចពាមតាយួស ខាងលិចក្រុមហ៊ុន 7NG ខណៈពេលកំពុងលេងទឹកភ្លេចខ្លួន ស្រាប់តែបុរសម្នាក់បានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ភ្លាមនោះអ្នកដែលឃើញបានស្រែកឆោឡោឲ្យគេជួយដែរ តែដោយសារតែទឹកហូរខ្លាំងពេក ទើបមិនមានអ្នកណាហ៊ានចុះទៅជួយទេ ខណៈដែលអារម្មណ៍ចង់ជួយ តែបានត្រឹមឈរមើលទាំងមិនអាចជួយបាន។
ករណីលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៣រៀសលថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចពាមតាយូស លើផ្លូវ7NG ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(បាត់ខ្លួន)។ ប្រពន្ធឈ្មោះ ភឿន ស្រស់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។
ប្រភពពីសាក្សីឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុវេលា ជនរងគ្រោះ និងមិត្តភក្តិជាច្រើននាក់ទៀត បាននាំគ្នាទៅលេងទឹកដែលហូរកាត់ផ្លូវចំណុចពាមតាយួស ត្រង់ចំណុចខាងលិចក្រុមហ៊ុន 7NG ខណៈពេលកំពុងលេងទឹកភ្លេចខ្លួន ជនរងគ្រោះបានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ភ្លាមនោះដោយទឹកហូរខ្លាំង ទើបពុំមានអ្នកណាហ៊ានចុះទៅជួយទេ រហូតដល់វេលាម៉ោង០៩ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នេះសមត្ថកិច្ច និងក្រុមគ្រួសារ កំពុងរាវរក តែមិនទាន់ឃើញទេ៕
សូមជូនពរឲ្យឆាប់រកឃើញផង និងសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះទឹកកំពុងឡើងនិងហូរខ្លាំងណាស់! បំណងល្អពីCAM POST៖