header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា លោក សម រង្ស៊ី កំពុងតែឯកោ ដោយសារតែមន្ត្រីខ្លួនលែងជឿ ពិសេសនោះ អ្នកទើបចេញពីពន្ធនាគាថ្មីៗនេះ។

លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ថា នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមនោសញ្ចេតនាបង្រួបបង្រួមជាតិ ចង់ដោះលែងទណ្ឌិត និងជនជាប់ចោទមួយចំនួន ជាអតីតអ្នកគាំទ្រអតីតបក្សប្រឆាំង ដែលល្មើសច្បាប់ ហើយបានបំពេញការអនុវត្តទោសបានស្របតាមគោលការណ៍ច្បាប់រួចហើយ ដែលអាចឲ្យមានលទ្ធភាពទូលថ្វាយសុំទ្រង់ព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ទើបសម្តេចតេជោ បានបំពេញបែបបទទូលថ្វាយព្រះមហាក្សត្រ សុំទ្រង់ព្រះរាជទានលើកលែងទោសដោយមនោសញ្ចេតនាឲ្យបងប្អូនបានជួបជុំក្រុមគ្រួសារដូចធម្មតាវិញ។ ប៉ុន្តែបែរជាទណ្ឌិត សម រង្ស៊ី ដែលកំពុងមានទោសជាប់ខ្លួននោះ បានធ្វើសកម្មភាពរារាំង មិនចង់ឲ្យមានការដោះលែងទៅវិញ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ថា «ទណ្ឌិត សម រង្ស៊ី​ ចង់ទុកបងប្អូនឲ្យបន្តជាប់ពន្ធនាគារតទៅទៀត ដើម្បីខ្លួនមានឡេះយកមកវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ថែមទៀត ។ ក៏ប៉ុន្តែចេតនាទុច្ចរិតរបស់ រង្ស៊ី មិនអាចរារាំងមនោសញ្ចេតនា និងបំណងដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន បានជាដាច់ខាត»

លោកបន្តថា ជាក់ស្តែងទណ្ឌិត និងជនជាប់ចោទ ត្រូវបានរួចទោស មានសេរីភាព ជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលធ្វើឲ្យទណ្ឌិត សម រង្ស៊ី រងការថ្កោលទោសពីសាម៉ីជន និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ បានសេចក្តីថា ទណ្ឌិត សម រង្ស៊ី កាន់តែត្រូវឯកោមិនត្រឹម តែពីក្នុងចំណោមមហាជនទូទៅទេ តែតាំងតែពីសកម្មជនអ្នកធ្លាប់គាំទ្រទណ្ឌិត សម រង្ស៊ី ថែមទៀតផង។ នេះ គឺជាលទ្ធផលនៃនយោបាយអញនិយមរបស់ទណ្ឌិត សម រង្ស៊ី។

សូមជម្រាបថា ការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោសដល់ទណ្ឌិតមួយចំនួនដូចជា លោក គឹម សុខ អ្នកវិភាគសង្គម អ្នកស្រី ទេព វន្នី និងសហការី៣នាក់ លោក អ៊ុ សំអាន និងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់។ ហើយបើតាមគម្រោង សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងស្នើសុំលើកលែងទណ្ឌិតទ្រង់ទ្រាយធំនៅពេលខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post