header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់បានអំពីការជួយឧបត្ថម្ភគាំទ្រទាន់ពេលវេលា និងមានប្រសិទ្ធភាពពីរដ្ឋាភិបាល និងប្រជាជនចិនបានឡើយ ហើយប្រទេសទាំងពីរ នៅតែបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទាំងពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត។

សម្តេចប្រធានព្រឹទ្ធសភាពកម្ពុជា បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបពិភាក្សាមួយ ជាមួយគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលដឹកនាំដោយ លោក សួង ថោ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្នុយនីស្តចិន កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា។

សម្តេច បានចាត់ទុកថា កិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទាំងនេះ បាននាំមកនូវការអភិវឌ្ឍ ហើយកម្ពុជា អាចការពារបាននូវឯករាជ្យភាព អធិបតេយ្យភាពរបស់ខ្លួនផងដែរ។ សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា។

សម្តេចប្រធានបានជម្រាបជូន គណៈប្រតិភូ អំពីសភាពការណ៍ថ្មីៗនៅកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលតី៦ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផល ជាផ្លូវការ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ចាត់តាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំសមាសភាពរាជរដ្ឋាភិបាលថ្មី។

នៅក្នុងជំនួបនោះ ភាគីទាំងពីបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រជាជន និងប្រទេសទាំងពីរកម្ពជា-ចិន កាន់តែរីកម្រើនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ លើសពីនេះ ក៏បានចាត់ទុកគ្នា ជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូរល្អ ហើយបានរួមចំណែក ដល់សន្តិភាព សន្តិសុខ ទាំងនៅក្នុងតំបន់ និងពិភពលោក។

សម្តេចបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ចំពេលដែល  រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ បាននឹងកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកម្ពជា-ចិន។ តាមរយៈដំណើរទស្សនកិច្ចនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីក នូវចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង រវាងប្រជាជន និងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក សួង ថោ បានសាទរ ចំពោះការបង្កើត ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយ នៅក្រៅសភា ដែលសមស្រប ទៅនឹងតម្រូវការជាតិ និងជាការប្រមូលផ្តុំ នូវបញ្ញាញាណរួម ក្នុងការកសាងប្រទេសជាតិ ព្រមទាំងសមស្របទៅនឹងសភាពការណ៍ជាក់ស្តែង និងវប្បធម៌ ប្រពៃណីរបស់ប្រជាជនកម្ពុជា។

គួររំលឹកថា កាលពីខែ កក្កដា កន្លងទៅនេះ លោក ស៊ី ជីងពីង ប្រធាននាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន បានផ្ញើសារអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះជ័យជំនះ​ដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦។ បក្សរដ្ឋាភិបាល និងប្រជាជនចិន អបអរសាទរ ចំពោះជ័យជំនះ​របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post