
ភ្នំពេញ ៖ ករណីដ៏កក្រើកនៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា កាលពីពេលកន្លងទៅថ្មីៗនេះ ដែលកើតឡើងនៅធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា សាខាផ្លូវម៉ៅសេទុង ដោយត្រូវបានក្រុមចោរប្លន់អស់ប្រាក់ជាង១០ម៉ឺនដុល្លារ រហូតមកទល់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៨នេះ នៅមិនទាល់ទទួលបានដំណឹងយ៉ាងណាពីសមត្ថកិច្ចនៅឡើយ ដែលធ្វើឲ្យមហាជនរង់ចាំមើលលទ្ធផល យ៉ាងអន្ទះសា ។

ទាក់ទងនឹងករណីនេះដែរ ខាងសមត្ថកិច្ចមិនដែលរំលងចោលនោះទេ គឺកំពុងតាមដាន និងធ្វើការស៊ើបអង្កេតទៅលើរឿងនេះ ហើយបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ចាន់ថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា សន្យាធ្វើរឿងនេះទាល់តែចេញ តែសូមបងប្អូនមេត្តាទុកពេលឲ្យខាងសមត្ថកិច្ចបន្តិចទៅ បងប្អូនសមត្ថកិច្ច គឺបាន និងខិតខំឆ្មុលណាស់ទៅលើរឿងហ្នឹង អត់ចោលនោះទេ ហើយកាលណានគរបាលរកឃើញ គឺនឹងបង្ហាញជូនជាសាធារណៈហើយ។

សូមជម្រាបជូនថា បើតាមរូបភាពពីវិដេអូឃ្លីប ក្រុមជនសង្ស័យមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ស្លៀកពាក់ស៊ីវិល (ឯកសណ្ឋានដូចៗគ្នា) មានពាក់ស្រោមដៃ និងមួកឃ្លុប (មួយសុវត្ថិភាព) បានទៅភ្ជង់គំរាមសន្តិសុខយ៉ាមខាងមុខធនាគារ ធ្វើជាចំណាប់ខ្មាំង ហើយនាំគ្នាដើរចូលទៅខាងក្នុង និងធ្វើសកម្មភាពប្រមូលយកលុយតែម្ដង ប៉ុន្តែមិនបង្កប្រទូសសរ៉ាយឲ្យមានមនុស្សរបួសឡើយ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំងនេះ បាននាំគ្នាជិះម៉ូតូ២គ្រឿង គេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗ៕

